ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ទើបនឹងចេញពីពន្ធនាគារថ្មីៗ ក៏បែកគំនិតចូលទៅធ្វើសកម្មភាពចាក់ប្លន់ស្ត្រីចំណាស់ម្នាក់ដល់ក្នុងផ្ទះ បណ្តាលឱ្យស្ត្រីរងគ្រោះជាម្ចាស់ផ្ទះរងរបួសយ៉ាងធ្ងន់ បន្ទាប់មកក៏ប្រមូលយកទ្រព្យសម្បត្តិមានតម្លៃ រត់គេចខ្លួនបានប៉ុន្មានម៉ោងក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ក្របួចជាប់អូសកចូលដេកគុកវិញ ព្រោះតែធុំក្លិនចំហាយ។
ករណីចាក់ប្លន់ទ្រព្យសម្បត្តិខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងក្រុមទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរឿន វិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនប្រាកដ និងជាមុខសញ្ញាដែលទើបចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះយ៉ាន់ គឹមយៀត ភេទស្រី អាយុ៥៦ឆ្នាំ មានលំនៅក្នុងក្រុមទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានដឹកនាំធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះរឿន វិត ក្រោយពេលដែលជនសង្ស័យរូបនេះធ្វើសកម្មភាពចាក់ទៅលើស្ត្រីរងគ្រោះឈ្មោះ យ៉ាន់ គឹមយៀត ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះស្ថិតក្នុងលំនៅដ្ឋានខាងលើ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះរឿន វិត បានចូលធ្វើសកម្មភាពក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះខាងលើ ដោយមានកាំបិតជាមធ្យោបាយក្នុងការប្រព្រឹត្តិតែក្នុងខណៈចូលទៅដល់ ក៏បានពើបប្រទះជាមួយស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ហើយភ្លាមនោះជនសង្ស័យបានធ្វើសកម្មភាពចាក់ដោយកាំបិតទៅលើស្ត្រីរងគ្រោះបណ្តាលឱ្យរងរបួសជាទម្ងន់ បន្ទាប់មកជនសង្ស័យក៏បានប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ហើយគេចខ្លួនបាត់ពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតឈានទៅកំណត់បាននូវមុខសញ្ញាសង្ស័យ រួចបានធ្វើការឃាត់ខ្លួននាវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃដដែល។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ប្រាប់ថា ជនសង្ស័យឈ្មោះរឿន វិត គឺជាមុខសញ្ញាដែលទើបចេញពីពន្ធនាគារក្នុងមួយរយៈពេលខ្លីនេះ។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះត្រូវបានអ្នកជិតខាងនិងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ដោយសាររងរបួសធ្ងន់រហូតមកដល់ពេលព្រលប់នេះមិនទាន់អាចនិយាយបាននៅឡើយទេ លោកថាក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារជាភស្តុតាងមួយចំនួន រួមមានកង់ពណ៌ទឹកប្រាក់ចំនួន១គ្រឿង (ជាមធ្យោបាយជិះធ្វើសកម្មភាពប្លន់) កូនកាំបិតចិតបន្លែចំនួន២ (សម្ភារធ្វើសកម្មភាពប្លន់) មួកកន្តឹបពណ៌ក្រហមចំនួន១ កាបូបពណ៌ទឹកប្រាក់ចំនួន២ (ជារបស់ជនរងគ្រោះ) ខោខូវប៊យជើងខ្លីចំនួន១ និងអាវរងាពណ៌ឈាមជ្រូកចំនួន១។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ប្លន់ទៅលើជនរងគ្រោះខាងលើ ដើម្បីយកទ្រព្យសម្បត្តិប្រាដកមែន។

ដោយឡែក ជនរងគ្រោះមិនទាន់អាចបំភ្លឺបាននៅឡើយ ដូច្នេះសម្ភារបាត់បង់ពិតប្រាកដ សមត្ថកិច្ចនគរបាលមិនទាន់ដឹងច្បាស់នៅឡើយទេ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ថែម មុននឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕