បន្ទាប់ពីមានជនខិលខូចបានដុតបំផ្លាញស្ពានចូលផ្ទះលោកបេន ដែលខិតខំការពារព្រៃឈើដែលរកកាប់បំផ្លាញទន្ទ្រានគ្មានពេលសម្រាកនោះ ពេលនេះលោកតាន់ គឹមសួរ រកឃើញមូលហេតុហេតុហើយ ព្រោះតែប៉ូលិសចាប់សត្វស្កាមិនបាន ទើបដុតស្ពានចូលផ្ទះបេន។

លោកតាន់ គឹមសួរ បានបង្ហោះសារកាលពីយប់ម្សិលមិញថា “អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយ ដែលមិនត្រឹមតែមិនខិតខំជំរុញចាត់វិធានការភ្លាមៗ ដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេន ឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់លោកបេន ទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេលោកអភិបាលស្រុក?

លោកគឹមសួរ បន្តថា “បើថាខ្ញុំចេះតែនិយាយ អាចតទល់គ្នាជាមួយខ្ញុំតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជិវិតផង រឿងអីខ្ញុំខ្លាចប្រឈមមុខផ្លុវច្បាប់ជាមួយលោកឯង”។

ដោយឡែក លោកតាន់ គឹមសួរ បន្តបង្ហោះសារនៅព្រឹកនេះថា “រកឃើញមូលហេតុនៃការឆេះស្ពានហើយ គឺជាស្នាដៃរបស់មន្ត្រីប៉ូលិសមូលដ្ឋាផ្ទាល់តែម្តង។ មានសត្វស្កាមួយក្បាលរត់ចូលទៅពួនក្នុងប្រឡោះស្ពាន ដោយសារគ្មានតែវិធីអីចាប់សត្វស្កានោះបាន លោកប៉ូលិសក៏សម្រេចចិត្តដុតស្ពានបណ្តេញសត្វស្កា នោះឲ្យចេញតែម្តង។ គំនិតដែលមានការឆ្នៃប្រឌិតបំផុត”។

ចំណែកតារាកំប្លែងនាយពាក់មី ក៏បានបង្ហោះសារដែរថា “បេន អេីយ ចង់រក្សាជីវិតខ្លួនឯង ទៅស្រុកវិញទៅ លះបង់ប៉ុណ្ណឹបានហើយ ចង់រកថ្ងៃទៅជួយគាត់ទៀត បងប្អូនណាចង់ទៅខ្លះ?”៕



