កំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវអ្នកជិតខាងម្នាក់ប្រាប់ឲ្យបន្ថយសំឡេងបាសបន្តិច ប៉ុន្តែបុរសរូបនោះយល់ព្រមបន្ថយបានសំឡេងបានតែមួយភ្លែត ក៏បើកសំឡេងវិញខ្លាំងជាងមុន ដោយទ្រាំមិនបាននឹងទង្វើបែបនេះ អ្នកជិតខាងរូបនេះក៏បានទាញចបជីកវាយជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនសង្ស័យបានរត់គេចខ្លួនបានតែ២ថ្ងៃ ក៏ត្រូវ សមត្ថកិច្ចចាប់ឃាត់ខ្លួន។
ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតចំណុចភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ ផល្លា អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិទី៣ សង្កាត់ខ្សាម។ ចំណែកជនរងគ្រោះមានឈ្មោះ ឌី អាយុ៦៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ។
សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងជាង១២ថ្ងៃត្រង់ ផ្ទះជនរងគ្រោះបានជួបជុំគ្នាផឹកស៊ី ចាក់បាស់រាំខ្លាំងៗលេងកម្សាន្ត ពេលនោះជនសង្ស័យដែលមានផ្ទះក្បែរគ្នា ក៏បានមកប្រាប់ជនរងគ្រោះកុំឲ្យបើកបាស់ឮខ្លាំងពេក ព្រោះរំខានការដេកពួនរបស់ខ្លួន ភ្លាមនោះជនរងគ្រោះក៏បានបន្ថយសំឡេងបន្តិច។

សមត្ថកិច្ចបន្ថែមថា ប្រហែលជាមិនសូវសប្បាយព្រោះសំឡេងបាស់តិចពេក ជនរងគ្រោះក៏បានបើកខ្លាំងលើសដើម ដោយទ្រាំមិនបាននឹងទង្វើផ្គើនបែបនេះ ជនសង្ស័យក៏បានកាន់ចបជីកដើរសំដៅទៅវាយជនរងគ្រោះ បណ្តាលឲ្យបែកក្បាលនិងរបួសដៃ ហើយក៏បានគេចខ្លួនពីផ្ទះបាត់ទៅ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយបានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ហើយក៏បានស្រាវជ្រាវដេញចាប់ជនសង្ស័យ។ លុះនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យក៏ត្រឡប់មកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនបញ្ជូនមកស្នងការនគរបាលខេត្តតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការខេត្ត បន្តនីតិវិធីតាមផ្លូវច្បាប់៕