ខេត្តតាកែវ ៖ បុរសម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងស្ត្រីម្នាក់រស់នៅភូមិជាមួយគ្នា លុះក្រោយមកដោយសារឆេះឆួលកំហឹងខ្លាំងពេក រហូតដល់ទប់លែងជាប់ក៏ទាញកង់ជិះសំដៅទៅផ្ទះស្ត្រីជាគូទំនាស់ទាំងកណ្តាលយប់ រួចធ្វើសកម្មភាពចាក់សាំងដុតផ្ទះស្ត្រីរងគ្រោះបណ្តាលឱ្យឆេះខូចខាតអស់មួយចំហៀង សំណាងល្អត្រូវបានអ្នកភូមិប្រទះឃើញជួយពន្លត់ទាន់ពេល។
ករណីប្រុសចិត្តខ្លាំងដុតផ្ទះស្ត្រីជាគូទំនាស់ បណ្តាលឱ្យឆាបឆេះរងការខូចខាតនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិក្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង។

បុរសចិត្តក្តៅដែលគ្រាន់តែទាស់សម្តីគ្នា បែរជាជិះកង់ទៅដុតផ្ទះគេចោលនេះ មានឈ្មោះគៀត បុនលីម អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះអូច សុកម៉ា អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំជាមួយគ្នា។
រីឯផ្ទះដែលទទួលរងការខូចខាតមានទំហំ៣,៥ម៉ែត្រគុណនឹង៤,៥ម៉ែត្រ សង់ពីឈើ ដំបូលប្រក់ស័ង្កសីជញ្ជាំងស្លឹក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ គេឃើញជនសង្ស័យនិងស្ត្រីរងគ្រោះបានទាស់សម្តីគ្នាមួយប្រាវ តែមិនដឹងថា មូលហេតុផ្តើមចេញពីរឿងអ្វីនោះទេ។ ក្រោយពីទាស់សម្តីគ្នារួច អ្នកទាំង២ក៏បានបែកផ្លូវគ្នាទៅផ្ទះវិញរៀងៗខ្លួន ពោលគឺពុំឈានដល់អំពើហិង្សានោះទេ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១១យប់ថ្ងៃដដែល ដោយសារតែភាគីជនសង្ស័យឆេះឆួលកំហឹងខ្លាំងរហូតដេកមិនលក់ ក៏ក្រោកទាញកង់ជិះចេញពីផ្ទះសំដៅទៅផ្ទះស្ត្រីរងគ្រោះជាគូទំនាស់ទាំងយប់ លុះទៅដល់ជនសង្ស័យក៏បានធ្វើសកម្មភាពចាក់សាំងដុតផ្ទះរបស់ស្ត្រីរងគ្រោះ បណ្តាលឱ្យឆាបឆេះឡើងផ្អើលដល់ស្ត្រីជាម្ចាស់ផ្ទះ ចេញមកស្រែកឆោឡោហៅអ្នកភូមិជួយពន្លត់បានទាន់ពេលវេលា គ្រាន់តែបង្កឱ្យរងការខូចខាតអស់មួយចំហៀងប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕