ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត (ប្រើល្បិចខ្ចីម៉ូតូថា ជិះទៅស៊ីការគេនៅខេត្ត តែបែរជាយកទៅលក់បាត់) ហើយត្រូវម្ចាស់ចាប់ប្រគល់ឱ្យសមត្ថកិច្ច។
ករណីនេះបានកើតឡើងកាលពីវេលាលាម៉ោង១០យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១០០៧ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះផន ឌៀប ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះគិន សុខា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងធ្វើប៉ាណូ ស្នាក់នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត 1Q-8081។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះថា យកទៅស៊ីការគេនៅខេត្ត ស្អែកយកមកសងវិញ ព្រោះតែអាណិត ជនរងគ្រោះបានហុចសោម៉ូតូឲ្យ។ ភ្លាមនោះជនសង្ស័យបានយកម៉ូតូជិះចេញទៅបាត់។
ប្រភពពីសមត្ថកិច្ចបានបន្ថែមថា លុះដល់ថ្ងៃត្រូវប្រគល់សងវិញ ស្រាប់តែជនសង្ស័យបានព្យាយាមគេចខ្លួន ទើបជនរងគ្រោះសម្រេចមកប្តឹងសមត្ថកិច្ចឲ្យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេមិនបានយកម៉ូតូទីស៊ីការគេនោះទេ ពោលគឺយកទៅលក់យកលុយដើរចាយវាយផឹកស៊ីអស់ទៅហើយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ បន្តនីតិវិធីតាមច្បាប់៕