នៅចំពោះមុខសាស្ត្រាចារ្យ និស្សិត និងមន្ត្រីរាជរដ្ឋាភិបាល ចំនួនរាប់ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចហ៊ុន សែន បានថ្លែងសារបែបលេងសើចថា ជំងឺកូរ៉ូណា Covid-19 នឹងចូលមកដល់កម្ពុជា នៅថ្ងៃទី៣១ ខែកុម្ភៈ។
សម្តេចហ៊ុន សែន បានថ្លែងរំឮកកាលពីពេលអញ្ជើញទៅកាន់ប៉េកាំង ប្រទេសចិន សម្តេចបានចាប់ដៃជាមួយនាយករដ្ឋមន្ត្រីចិន លោកលី គឺឈាំង ដោយលោកនាយករដ្ឋមន្ត្រីចិន ទើបមកពីទីក្រុងវូហាន ដែលកំពុងផ្ទុះនូវជំងឺ Covid-19។

សម្តេចហ៊ុន សែន បានបន្តថា ពេលសម្តេចវិលត្រឡប់មកពីប្រទេសចិន វិញ អ្នកខ្លះបាននិយាយថា សម្តេចកំពុងឆ្លងជំងឺ Covid-19 ហើយពេលនេះជំងឺកូរ៉ូណា បានមកដល់កម្ពុជាហើយ។
សម្តេចហ៊ុន សែន បាននិយាយលេងសើចថា ទាល់តែថ្ងៃទី៣១ ខែកុម្ភៈ ជំងឺកូរ៉ូណា នឹងមកដល់កម្ពុជា។

គួររំ់ឮកថា បន្ទាប់ពីចប់កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅកូរ៉េខាងត្បូង សម្តេចបានឆ្លៀតពេលចេញដំណើរទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយនិស្សិតដែលកំពុងរស់នៅទីក្រុងវូហាន ប៉ុន្តែត្រូវបានអាជ្ញាធរចិន មិនអនុញ្ញាត ព្រោះតំបន់នោះត្រូវបានបិទចរាចរណ៍ទាំងស្រុង គឺអនុញ្ញាតឲ្យទៅតែក្រុងប៉េកាមង តែប៉ុណ្ណោះ។

ភ្លាមៗនោះ សម្តេចហ៊ុន សែន ចេញទៅកាន់ទីក្រុងប៉េកាំង ជួបជាមួយនាយករដ្ឋមន្ត្រីចិន លី គឺឈាំង និងប្រធាសនាធិបតីចិន ស៊ី ជីនពីង៕