នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប១៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលកើឡើងជាចម្ងល់ថា ហេតុអ្វីបានជាអ្នកទេសចរណ៍រាប់រយនាក់បានទៅដល់ស្រុកកំណើតរៀងៗខ្លួន មិនមានកើតជំងឺកូរ៉ូណា ប្លែកអីមានតែស្ត្រីជនជាតិអាមេរិកតែម្នាក់ មានផ្ទុកជំងឺកូរ៉ូណា ដែលអាជ្ញាធរម៉ាឡេស៊ី រកឃើញ?

សម្តេចហ៊ុន សែន បានលើកជាចម្ងល់ថា មកដល់ពេលនេះ មនុស្សរាប់រយនាក់បានទៅដល់ស្រុកកំណើតពួកគេរៀងខ្លួនអស់ហើយ និងខ្លះទៀតដែលកំពុងនៅកម្ពុជា គឺមិនទាន់មានជំងឺកូរ៉ូណានោះទេ។ ករណីស្ត្រីម្នាក់ដែលអាជ្ញាធរម៉ាឡេស៊ី ថា បានកើតជំងឺកូរ៉ូណា ហើយស្ត្រីនោះទៀតរស់នៅជាមួយស្វាមី ម៉េចប្តីមិនកើតជំងឺ។

សម្តេចហ៊ុន សែន បានបន្តទៀតថា ករណីនេះបើអង្គការសុខភាពពិភពលោក (WHO) សហការជាមួយអាជ្ញាធរម៉ាឡេស៊ី នឹងដឹងច្បាស់ វីរុសកូរ៉ូណា ពិត ឬយ៉ាងណា?។
សម្តេចបានបន្ថែមទៀតថា មនុស្សដែលសល់នៅលើកប៉ាល់ ត្រូវបានយកសំណាកមកពិនិត្យនៅភ្នំពេញ មុនពេលឡើងយន្តហោះទៅស្រុកកំណើតវិញ។

សម្តេចរំពឹងថា មនុស្សរាប់រយនាក់ដែលបាននៅសល់ នឹងបានទៅដល់ស្រុកកំណើត នឹងមានសុខភាពល្អគ្រប់គ្នាគ្រប់គ្នា
គួរបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកមួយរូប មានវ័យ៨៣ឆ្នាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី រកឃើញមានផ្ទុកវីរុស COVID-19 បន្ទាប់ពីស្ត្រីរូបនោះចេញពីកម្ពុជា។ ស្ត្រីរូបនោះជាអ្នកដំណើរម្នាក់លើនាវា Westerdam ដែលកម្ពុជា អនុញ្ញាតឲ្យចូលចត បន្ទាប់ពីត្រូវបានបដិសេធដោយប្រទេសមួយចំនួន។

ភ្លាមៗនោះ ក្រសួងសុខាភិបាលកម្ពុជា បានស្នើឲ្យអាជ្ញាធរម៉ាឡេស៊ី ធ្វើការពិនត្យឡើងវិញ បន្ទាប់ពីនៅប្រទេសកម្ពុជា រកមិនឃើញវីរុស COVID-19 លើស្ត្រីរូបនោះឡើយ៕