លោកហេង ឡុង ប្រធានសមាគមសិល្បៈខ្មែរ បានគាំទ្រនូវការសម្រេចចិត្តរបសើសម្តេចហ៊ុន សែន ដែលព្រមានចាត់ការលើស្រីស្អាតដែលLive វីដេអូលក់ផលិតផលក្នុងបណ្តាញទំនាក់ទំនងហ្វេសប៊ុក ដោយលោកថា រូបភាពបង្ហាញកេរ្តិ៍នេះហើយ ដែលជាដើមចមនាំឲ្យកើតមានករណីចាប់រំលោភជាហូរហែនៅប្រទេសកម្ពុជា។

លោកហេង ឡុង បានបង្ហោះសារថា “ខ្ញុំបាទក្នុងនាមប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមគាំទ្រនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដែលបានចាត់វិធានការក្ដៅទៅលើនារីដែលតែងបញ្ចេញកេរ្ដិ៍ខ្មាសតាមរយៈការ Live លក់ផលិតផលលើ Facebook ដោយសម្ដេចតេជោបានបញ្ជាទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ទាំងនោះ ព្រោះនាំឱ្យមានការបំពានផ្លូវភេទស្រ្ដីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានករណីចាប់រំលោភផងដែរ។
លោកបន្តថា “បទបញ្ជារបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ អរគុណសន្ដិភាព”។

គួរបញ្ជាក់ថា មិនមែនមានតែលោកហេង ឡុង ម្នាក់ប៉ុណ្ណោះទេ ដែលយល់ឃើញថា ការបង្ហាញកេរ្តិ៍របស់ស្រីស្អាតដែលធ្វើការ Live វីដេអូតាមហ្វេសប៊ុក នាំឲ្យកើតមានករណីចាប់រំលោភនោះទេ សូម្បីតែកន្លងមក លោកតាន់ គឹមសួរ និងលោកស្រីម៉ម សុម៉ាលី ក៏ធ្លាប់បានធ្វើការសំណូមពរដល់ក្រសួងកិច្ចការនារី ចាត់វិធានការលើក្រុមស្រីស្អាតទាំងនោះ៕