Monday, November 24, 2025
Homeព័ត៌មានជាតិល្មមតែជាងផ្សារដែករូបនេះ ទន់ចិត្តវិញ សមត្ថកិច្ចប្រើជិត១ម៉ោង

ល្មមតែជាងផ្សារដែករូបនេះ ទន់ចិត្តវិញ សមត្ថកិច្ចប្រើជិត១ម៉ោង

ភ្នំពេញ ៖ យុវជនម្នាក់មិនដឹងជាមានបញ្ហា ឬវិបត្តិអ្វីក្នុងចិត្ត ក៏ស្រាប់តែនៅសុខៗក៏រត់ឡើងទៅលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋក្បែរខាង បង្កឱ្យមានការផ្អើលឆោឡោថា យុវជនរូបនេះចង់លោតសម្លាប់ខ្លួនក៏ផ្អើលដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍លួងលោមរាប់ម៉ោង ទម្រាំព្រមចុះមកក្រោមវិញ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចលើដំបូលផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងបុរីជីបម៉ុង ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

យុវជនខាងលើមានឈ្មោះណុប ពិសិទ្ធ អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនកើតហេតុ មានប្រជាពលរដ្ឋម្នាក់ជាម្ចាស់ផ្ទះកើតហេតុខាងលើបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ ដោយប្រាប់ថា មានបុរសម្នាក់បានលួចឡើងទៅលើដំបូលផ្ទះរបស់គាត់។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយឡើងទៅលួងលោមបុរសខាងលើជិត១ម៉ោង ទើបអាចនាំខ្លួនយុវជនរូបនោះចុះមកក្រោមយកទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីធ្វើការសាកសួរតែម្តង។

តាមប្រភពព័ត៌មានពីសាច់ញាតិ និងបងប្អូនរបស់យុវជនខាងលើ បានឱ្យដឹងថា នៅវេលាជិតភ្លឺថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ឃើញយុវជនខាងលើចេះតែដើរចុះដើរឡើងទៅវិញទៅមក ធ្វើឱ្យពួកគាត់មានការសង្ស័យដែរ បន្ទាប់មកស្រាប់តែបាត់ខ្លួនតែម្តង។ លុះដល់វេលាម៉ោងកើតហេតុ ស្រាប់តែឃើញប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនាំគ្នាចោមរោមមើលនៅកន្លែងកើតហេតុ ពេលពួកគាត់រត់ទៅមើល ទើបឃើញប្អូនប្រុសរបស់ពួកគាត់នៅលើដំបូលផ្ទះរបស់គេតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចោមចៅទី១ បានបញ្ជូនយុវជនខាងលើ ទៅផ្នែកសង្គមកិច្ច ដើម្បីយកទៅធ្វើការអប់រំ៕

RELATED ARTICLES