ខេត្តកំពង់ឆ្នាំង ៖ បុរសកំហូចម្នាក់ស្លៀកពាក់ហំហួនបន្លំខ្លួនចូលទៅស៊ីការគេហ្វ្រីៗ លុះឈឺបត់ជើង ចេញទៅរកកន្លែងបត់ជើងឃើញផ្ទះគេចាក់សោចោលទំនងម្ចាស់ចូលហូបការគេដែរ ក៏ឆ្លៀតធ្វើសកម្មភាពកាត់សោចូលលួចទ្រព្យសម្បត្តិ ទីបំផុតក៏ត្រូវម្ចាស់ផ្ទះតាមទាន់ព័ទ្ធចាប់ក្របួចជាប់ម្នាក់ លុះពលរដ្ឋទប់កំហឹងមិនបានក៏ស្វាគមន៍ម្នាក់១ដៃ១ជើង រហូតដល់បែកមុខមាត់រងរបួសទ្រមខ្លួន។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងមូលដ្ឋានខាងលើមានពិធីមង្គលការមួយបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកសង់កូរ៉េ បានមកចូលរួមស៊ីការនឹងគេដែរ តែតាមពិតជននេះ គ្មានជាប់សាច់ញាតិ ឬស្គាល់សាមីខ្លួនកូនកំលោះក្រមុំ ឬមេបាចាស់ទុំខាងឡើងឡើយ ពោលគឺតឺនុយហំហួនបន្លំខ្លួនចូលមកស៊ីការគេហ្វ្រីៗតែម្តង។

ប្រភពដដែលបន្តថា លុះក្រោយមកជនសង្ស័យក៏ចេញទៅបត់ជើងតូច ស្រាប់តែឃើញឱកាសស្ងាត់ ក៏ចូលទៅផ្ទះប្រជាពលរដ្ឋម្នាក់ដែលនៅចម្ងាយប្រមាណជា៥០ម៉ែត្រពីរោងការ ធ្វើសកម្មភាពកាត់សោចូលក្នុងផ្ទះបើកភ្លើងរើអីវ៉ាន់ ខណៈនោះផ្ទះអ្នកជិតខាងនៅជាប់នោះឃើញសកម្មភាពរបស់ជនសង្ស័យ ក៏ខលប្រាប់ម្ចាស់ផ្ទះកំពុងនៅក្នុងរោងការ បន្ទាប់មកម្ចាស់ផ្ទះបាននាំសមត្ថកិច្ច និងប្រជាការពារព័ទ្ធចាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចស្រុក កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕