Monday, November 24, 2025
Homeព័ត៌មានជាតិថៅកែផលិតកម្ម Galaxy Navatra ចំណាយជាង៨០ម៉ឺនដុល្លារ សាងសង់ផ្លូវបេតុងជាង៣គីឡូ និងដាក់ប្រព័ន្ធលូនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

ថៅកែផលិតកម្ម Galaxy Navatra ចំណាយជាង៨០ម៉ឺនដុល្លារ សាងសង់ផ្លូវបេតុងជាង៣គីឡូ និងដាក់ប្រព័ន្ធលូនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែកចំនួន១១ខ្សែ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ និងដាក់ប្រព័ន្ធលូអមតាមបណ្ដោយផ្លូវទាំង១១ខ្សែនេះ ដើម្បីសម្រួលជូនដល់ប្រជាពលរដ្ឋបានកាត់បន្ថយនូវការកកស្ទះចរាចរណ៍ តាមផ្លូវសំខាន់ៗមួយចំនួន។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងប្រជាពលរដ្ឋប្រមាណជិត១០០០នាក់ នៅបុរីឡេង ណាវ៉ាត្រា  ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោកហែម ដារិទ្ធ បានឲ្យដឹងថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ដូចជាពេលនេះ លោកឧកញ៉ាឡេង ណាវ៉ាត្រា បានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនក្នុងការជួសជុសផ្លូវបេតុងឆ្អឹងដែក ដែលមានប្រវែងសរុប៣៧៩៤ម៉ែត្រ និងដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង៤៨៧០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន៨៧២៤៧១ដុល្លា ស្ថិតនៅសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ហើយក្រុមហ៊ុននេះបានវិនិយោគសាងសង់បុរីឡេង ណាវ៉ាត្រា លើផ្ទៃដីទំហំ១៥ហិកតា សាងសង់លំនៅដ្ឋានចំនួន១៣០០ល្វែងផងដែរ នៅតំបន់ខាងលើនេះ។

ជាមួយគ្នានេះដែរ លោកឡេង ណាវ៉ាត្រា នឹងចំណាយថវិការផ្ទាល់ខ្លួនបន្ថែមទៀត សម្រាប់ធ្វើការជួសជុល ផ្លូវបេតុងឆ្អឹងដែកចំនួន១១ខ្សែ ប្រវែង៣១៩៥ម៉ែត្រ ចំណាយថវិការ៦១៣៤៤០ដុល្លារ និងដាក់ប្រព័ន្ធលូអស់ថវិកាចំនួន១៥៩៦០០ដុល្លារ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ដែលបានកំពុងបើកការដ្ឋានឲ្យដំណើរការ។

លោកស៊ុយ សេរិទ្ធ បានឲ្យដឹងថា ពីមុនតំបន់នេះជាតំបន់ដែលលិចទឹក ប៉ុន្តែក្រោយពីមានការអភិវឌ្ឍន៍របស់ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប មក តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ជាក់សម្ដែងនៅពេលនេះក្រុមហ៊ុនបានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវចំនួន១១ខ្សែ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ដាក់លូចំណាយថវិកាអស់ប្រមាណជាង៦០ម៉ឺនដុល្លារ ដើម្បីកាត់បន្ថយភាពក្រីក្រជូនដល់របស់ប្រជារដ្ឋនៅតំបន់នេះ។

លោកស៊ុយ សេរិទ្ធ បញ្ជាក់ថា​​ សម្រាប់រាធានីភ្នំពេញ​ នាពេលបច្ចុប្បន្ននេះ គឺមានបញ្ហាស្ទះ៣ នោះ គឺការកកស្ទះចរាចរណ៍ ការកកស្ទះសំរាម និងការកកស្ទះបណ្ដាញលូ ដែលបញ្ហានេះសាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាខាងលើនេះហើយ៕

RELATED ARTICLES