ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ ស្រាប់តែបែកគំនិតទៅសុំស្នេហ៍នារីម៉ាស្សា ដែលរូបគាត់បានចូលទៅម៉ាស្សាញឹកញាប់ លុះប្រពន្ធដឹងក៏បានដឹកដៃកូនទៅរករឿង ផ្អើលអស់អ្នកធ្វើដំណើរតាមផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះម៉ាស្សា ហ៊ីហោ៩៩៩ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជាប្រពន្ធមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ចំណែកបុរសជាប្តី ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណផងដែរ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹង មុនពេលកើតហេតុ គេបានឃើញបុរសកំហូចខាងលើឧស្សាហ៍ចេញចូលម៉ាស្សានៅកន្លែងកើតហេតុញឹកញាប់ណាស់ ទំនងជាពេញចិត្តនឹងស្នាដៃនារីម៉ាស្សានោះជាខ្លាំង ទើបដាច់ចិត្តសុំស្នេហ៍ ប៉ុន្តែនារីម្នាក់នោះមិនទាន់សារភពាស្នេហ៍នោះទេ។

ប្រភពបន្តថា ក្រោយមកស្រាប់តែប្រពន្ធរបស់បុរសបុរសនោះដឹងរឿង ក៏បានដឹកដៃកូនប្រុសម្នាក់មកដល់ផ្ទះម៉ាស្សាខាងលើ បានរកប្តី រួចបង្ករឿងផ្អើលអ្នកធ្វើដំណើរនិងសមត្ថកិច្ចមកអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំស្ត្រីជាប្រពន្ធនិងប្តី ទៅប៉ុស្តិ៍ ដើម្បីអប់រំ ធ្វើកិច្ចសន្យា កុំឲ្យមានរឿងនេះកើតឡើងទៀត៕