Monday, November 24, 2025
Homeព័ត៌មានជាតិអស់ស្រា១លីត្រ គាត់លេង១ក្បាច់ នេះ ឡើងចង់បាយ

អស់ស្រា១លីត្រ គាត់លេង១ក្បាច់ នេះ ឡើងចង់បាយ

ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវនគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះបានខ្ចីម៉ូតូគេជិះថាទៅលេងផ្ទះមិត្តភក្តិមួយភ្លែត រួចក៏ជិះទៅបាត់រហូត ពុំព្រមប្រគល់ឱ្យម្ចាស់គេវិញទេ ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។

លុះ៣ថ្ងៃក្រោយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះជាម្ចាស់ម៉ូតូប្រទះឃើញជនសង្ស័យ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ជនសង្ស័យដែលប្រុងស៊ីដាច់ម៉ូតូរបស់គេ មានឈ្មោះឆែម ឆោម ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅបច្ចុប្បន្នភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។ ចំណែកជនរងគ្រោះឈ្មោះហាច ចាន់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ខៀវ (ម៉ូតូចាស់) ជិះចេញពីផ្ទះរបស់ខ្លួនភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មកលេងផ្ទះឈ្មោះណាត ភេទប្រុស នៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង។

ពេលមកដល់ផ្ទះឈ្មោះណាត ជនរងគ្រោះនិងម្ចាស់ផ្ទះ រួមទាំងជនសង្ស័យបាននាំគ្នាផឹកស្រាអស់ចំនួន១លីត្រ ពេលនោះជនសង្ស័យក៏បានជនរងគ្រោះជិះម៉ូតូជូនខ្លួនទៅលេងផ្ទះឈ្មោះមុត ភេទប្រុស នៅភូមិឃុំជាមួយជនសង្ស័យ ខណៈទៅដល់ផ្ទះឈ្មោះមុត ក៏នាំគ្នាអង្គុយជជែកគ្នាលេង លុះដល់ម៉ោងកើតហេតុជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះថា ទៅផ្ទះមិត្តភក្តិមួយភ្លែតហើយក៏ទៅបាត់រហូតតែម្តង។

លុះមកដល់ថ្ងៃទី១៤ ខែឆ្នាំដដែល វេលាម៉ោង១០ព្រឹក ជនរងគ្រោះបានឃើញជនសង្ស័យក៏ចាប់ខ្លួនជនសង្ស័យ រួចប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជើងកើប ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES