អគ្គិភ័យមួយបានឆាបឆេះបំផ្លាញផ្ទះ៤ល្វែងជាប់គ្នាកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គិតសរុបទឹកប្រាក់ជាង៣០មុឺនដុល្លារ ត្រឹមតែមួយប៉ប្រិចភ្នែក។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងការខូចខាត មានដូចជា ៖
ម្ចាស់ផ្ទះទី១ មានឈ្មោះហ៊រ ម៉េងហៀប ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ (ខូចខាតទ្រព្យសម្បត្តិសរុបប្រហែល៤០០០០ដុល្លារ) ។
ម្ចាស់ផ្ទះទី២) មានឈ្មោះជួន ទិត្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ (ខូចខាតទ្រព្យសម្បត្តិប្រហែល៩៥០០០ដុល្លារ)។
ម្ចាស់ផ្ទះទី៣ មានឈ្មោះស៊ួស កុសល្យ អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ (ខូចខាតទ្រព្យសម្បត្តិប្រហែល១៨០០០០ដុល្លារ)។
ចំណែកផ្ទះ១ល្វែងទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ រងការខូចខាតតិចតួចប៉ុណ្ណោះ។ ផ្ទះទាំង៤ល្វែងនេះ ជាប្រភេទសំណង់ឥដ្ឋប្រក់ក្បឿងទំហំ៤ម៉ែត្រx១៨ម៉ែត្រ។

សមត្ថកិច្ចបានបន្តថា មូលហេតុដែលនាំឲ្យមានភ្លើងឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

សមត្ថកិច្ចបន្ថែមថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ មានការចូលរួមពីការិយាល័យអគ្គិភ័យ រថយន្តចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០គ្រឿង, រថយន្តអង្គភាពង៧០ ចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង, រថយន្តពន្លត់អគ្គីភ័យរបស់សួនកាណាឌីយ៉ា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង, រថយន្តពន្លត់អគ្គីភ័យរបស់អាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣គ្រឿង, រថយន្តពន្លត់អគ្គីភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣គ្រឿង។

ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះខាងលើនេះ សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង០៨និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០៕




