ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាប្រព្រឹត្តអំពើចោរកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានធ្វើការស្រាវជ្រាវឈានដល់ការបើកកិច្ចប្រតិបត្តិការបង្ក្រាបចាប់ខ្លួនបានករណីលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីជននេះធ្វើសកម្មភាពគាស់ទ្វារទម្លុះទម្លាយលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរួចមក។
សមត្ថកិច្ចនគរបាលបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទី ក្រោយពីកំណត់បានមុខសញ្ញានិងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបមុខសញ្ញាលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារទម្លុះទម្លាយយកទ្រព្យសម្បត្តិ) យ៉ាងសកម្មប្រចាំតំបន់ ដែលបានធ្វើសកម្មភាពនៅចំណុចផ្ទះលេខ១៣E0 ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៥ព្រឹក។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះ យូ សុជាតី ហៅតី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅផ្ទះលេខ២CE0 ផ្លូវលេខ៤៧ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ ឈ្មោះគីម វណ្ណា ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះលេខ៩៩E0 ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់មានប្រាក់រៀលចំនួនមួយលានម្ភៃម៉ឺនរៀល បារីម៉ាកម៉ៃសេវេនចំនួន៣២កញ្ចប់ ដុំសាកថ្មទូរស័ព្ទដៃចំនួនមួយ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ បន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធី៕