Monday, November 24, 2025
Homeព័ត៌មានជាតិដេកយំស្តាយទ្រព្យជាង៣០០០ដុល្លារ អស់ចិត្ត ស្រាប់តែគាត់គ្មានផ្តាំអ្នកណាមួយម៉ាត់

ដេកយំស្តាយទ្រព្យជាង៣០០០ដុល្លារ អស់ចិត្ត ស្រាប់តែគាត់គ្មានផ្តាំអ្នកណាមួយម៉ាត់

ខេត្តកំពង់ចាម ៖ បុរសម្នាក់បានចេញពីស្រុកកំណើតទៅរកស៊ីនៅភ្នំពេញ ស្រាប់តែត្រូវចោរដាក់ថ្នាំសណ្តំយកប្រាក់និងគ្រឿងអលង្ការអស់ពីខ្លួន ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូងត្រឡប់មកផ្ទះវិញដេកយំអស់ចិត្តក៏សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យក្រុមគ្រួសាររន្ធត់ចិត្តយ៉ាងខ្លាំង។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ។

បុរសដែលគិតខ្លីចងកសម្លាប់ខ្លួន មានឈ្មោះវឿន វ៉ានីដា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកោះគោ ឃុំមានជ័យ ស្រុកស្រីសន្ធរ។

តាមការបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់ឈ្មោះវឿន វ៉ានីដា (ជនរងគ្រោះ) បានធ្វើដំណើរចេញទៅរកស៊ីនៅភ្នំពេញ ស្រាប់តែអកុសលត្រូវបានចោរដាក់ថ្នាំសណ្តំយកលុយនិងគ្រឿងអលង្ការអស់គ្មានសល់ សរុបជាទឹកប្រាក់ប្រមាណ៣០០០ដុល្លារឯណោះ ទើបធ្វើឱ្យកូនប្រុសរបស់គាត់ពិបាកចិត្តពេកក៏ត្រឡប់មកផ្ទះវិញ ខូចចិត្តដេកយំអស់ចិត្ត ស្រាប់តែមកដល់ថ្ងៃកើតហេតុ ពួកគាត់ជាឪពុកម្តាយក៏ប្រទះឃើញកូនប្រុសរូបនេះចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័មតែម្តង ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

បន្ទាប់ពីទទួលព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញបច្ចេកទេសចុះដល់កន្លែងកើតហេតុ ឃើញសាកសពឈ្មោះវឿន វ៉ានីដា ត្រូវបានក្រុមគ្រួសារស្រាយពីកន្លែងចងយកមកទុកនៅកណ្តាលផ្ទះទៅហើយ។

ក្រោយមក សមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យសព រួចបញ្ជាក់ថា នៅផ្នែកក្បាល និងអវយវៈដៃជើងពុំមានស្លាកស្នាមអ្វីទេ។ ផ្នែកកខាងមុខ ចំហៀងខាងឆ្វេង មានស្នាមជាំខ្មៅ (ស្នាមរឹតនឹងខ្សែចំណង) ផ្នែកប្រដាប់ភេទនៅលើខោទ្រនាប់ខាងមុខមានសើមប្រឡាក់ទឹករំអិល លើក្រចកដៃ ក្រចកជើង មានពណ៌ស្វាយ មាត់លៀនអណ្តាតបន្តិច។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ករណីនេះពុំមានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ ពោលគឺជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយជនរងគ្រោះបានប្រើខ្សែនីឡុងជ័រ ពណ៌ស ចងកជាប់នឹងរតផ្ទះខាងលើល្វែងខាងក្រោយ។

មូលហេតុដោយសារជនរងគ្រោះខូចចិត្តនឹងរឿងចេញរកស៊ី តែត្រូវចោរដាក់ថ្នាំសណ្តំយកលុយអស់ពីខ្លួន៕

បន្ទាប់ពីពិនិត្យរួចរាល់ សមត្ថកិច្ចបាន ប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី”

RELATED ARTICLES