ភ្នំពេញ ៖ ផ្សារឃ្លាំងរំសេវដែលមានទីតាំងនៅប៉ែកខាងលិចនៃមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងខណ្ឌទួលគោក នោះ នឹងត្រូវបិទជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២០ ដោយសារទីតាំងនេះនឹងត្រូវអភិវឌ្ឈសាងសង់អគារទំនើបទាន់សម័យ ដោយក្រុមហ៊ុនរបស់លោកឧកញ៉ាស៊ី គង់ទ្រីវ។

យោងតាមសេចក្តីជូនដំណឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់លោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកស្រីហុង ស៊ួន បានជម្រាបដល់បងប្អូនអាជីវករទាំងអស់ដែលបានជួលតូបលក់ដូរនៅក្នុងផ្សារឃ្លាំងរំសេវ អំពីការអស់សុពលភាពនៃកិច្ចសន្យាជួល ដោយតម្រូវឱ្យបងប្អូនអាជីវករត្រូវរកទីតាំងថ្មីដើម្បីប្រកបអាជីវកម្មលក់ដូររៀងៗខ្លួន ហើយផ្សារនេះនឹងត្រូវបិទជាស្ថាពរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ឱ្យមានសោភណភាពស្រស់បំព្រង ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាទីក្រុងដ៏ស្រស់ស្អាត ស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាអច្ឆរិយរបស់ប្រជាជនខ្មែរ ម្ចាស់ទីតាំងត្រូវការទីតាំងផ្សារនេះធ្វើការសាងសង់អគារទំនើបទាន់សម័យ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ តទៅ។

សេចក្តីជូនដំណឹងដដែល បានបន្តទៀតថា ក្នុងរយៈពេល៣ខែ គឺខែកុម្ភៈ មីនា និងមេសា ឆ្នាំ២០២០ ម្ចាស់ទីតាំងពុំគិតប្រាក់ឈ្នួលតូបប្រចាំខែ និងថ្លៃប្រើប្រាស់ចរន្តអគ្គិសនីពីអាជីវករឡើយ ដើម្បីទុកឱកាសឱ្យអាជីវករទាំងអស់ត្រៀមរកទីតាំងប្រកបអាជីវកម្មថ្មី ហើយក្នុងករណីដែលបងប្អូនអាជីវករមិនគោរពតាមសេចក្តីជូនដំណឹងនេះ ម្ចាស់ទីតាំងផ្សារនេះនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ណាមួយឡើយ៕