Monday, November 24, 2025
Homeព័ត៌មានជាតិលោកឧកញ៉ាឌួង ឆាយ ធ្លាប់ត្រូវគេថាឲ្យ... ទើបម្តងនេះមិនព្រមលើកលែង

លោកឧកញ៉ាឌួង ឆាយ ធ្លាប់ត្រូវគេថាឲ្យ… ទើបម្តងនេះមិនព្រមលើកលែង

បន្ទាប់ពីរថយន្តលោកឧកញ៉ាឌួង ឆាយ ត្រូវរថយន្តបង្កមិនគោរពច្បាប់ចរាចរណ៍បុកក្រពឹតទ្វារម្ចាង ហើយខាងភាគីអ្នកបើករថយន្តបង្កបានលត់ជង្គង់សុំទោសលោកឧកញ៉ា ប៉ុន្តែលោកឧកញ៉ាមិនព្រមអត់ឱនឲ្យនោះ គឺទុកឲ្យច្បាប់ដោះស្រាយ លោកឧកញ៉ាឌួង ឆាយ បានលើកឡើងថា ការមិនព្រមអត់ឱនឲ្យនេះ ក៏ព្រោះតែកន្លងមករថយន្តលោកឧកញ៉ាត្រូវគេបុក លោកឧកញ៉ាតែងតែលើកលែងទោសកំហុស រហូតមានគេថាឲ្យ។

ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “ធ្វើជាមនុស្សត្រូវចេះរៀនទទួលខុសត្រូវចំពោះកំហុសខ្លួនឯង” ភ្លាមនោះក៏មានបុរសម្នាក់ចូលទៅ Comment ថា ”ឡានលោកឧកញ្ញាដូចកបនឹងគេបុកប៉ះពាលដល់ហើយ” បន្ទាប់មកលោកឧកញ៉ាបានReply ថា “បងប្អូនក្នុង FB ធ្លាប់ថាអោយខ្ញុំ មកពីមិនព្រមអោយគេទទួលកំហុស នឹងបានគេចេះតែបុក”។

គួបញ្ជាក់ថា កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ បុរសម្នាក់ទើបនឹងចេញពីកម្មវិធីជួបជុំមិត្តភក្តិទាំងកណ្តាលយប់ ឃើញផ្លូវស្ងាត់ល្អក៏បើករថយន្តក្នុងល្បឿនលឿន លុះដល់ត្រង់ចំណុចផ្លូវបំបែកជាបួនលោតភ្លើង ក្រហមទៅហើយ នៅតែបើកទៅមុខបំពាន ភ្លើងស្តុប ធ្វើឱ្យជ្រុលទៅបុករថយន្តស៊េរីទំនើប ម៉ាក Roll Royce របស់ឧកញ៉ាឌួង ឆាយ បណ្តាលឱ្យរងការខូចខាតអស់មួយចំហៀង ភ្លាមនោះ ភាគីបង្កបានសម្តែងនូវអារម្មណ៍តក់ស្លុត ចុះមកលុតជង្គង់សំពះសុំទោសសុំការអធ្យាស្រ័យដែរ ប៉ុន្តែត្រូវបានឧកញ៉ា ឌួង ឆាយ មិនព្រមទទួលយកការសុំទោសនោះឡើយ ដោយអះអាងថា ម្ចាស់រថយន្តបង្កបើកបរព្រហើនពេក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវបំបែកជាបួន (ស្តុប សេរីភាព) ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

បុរសដែលបើករថយន្តជ្រុលបុករថយន្តទំនើបឧកញ៉ា ឌួង ឆាយ មានឈ្មោះវណ្ណី អាយុ៣០ឆ្នាំ មុខរបររត់តាក់ស៊ីផង និងធ្វើការខាងអចលនទ្រព្យផង។ បុរសរូបនេះបើករថយន្ត១គ្រឿង ម៉ាកកាមរី ហាយប៊្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-1549។ ចំណែករថយន្តទំនើបរបស់លោកឧកញ៉ា ឌួង ឆាយ ម៉ាក Roll Royce ពណ៌ស គ្មានពាក់ស្លាកលេខ បើកបរដោយឧកញ៉ាឌួង ឆាយ ផ្ទាល់តែម្តង។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកកាមរីហាយប៊្រីត បើកដោយបុរសម្នាក់ និងរួមដំណើរស្រីប្រុស៤នាក់ទៀតបានធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើប Roll Royce បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងមកត្បូង ធ្វើឱ្យ រថយន្តហាយប៊្រីតបានជ្រុលទៅបុកយ៉ាងពេញទំហឹង ធ្វើឱ្យក្រពឹតទ្វារខាងស្តាំយ៉ាងដំណំ។ ចំណែកឯរថយន្តហាយប៊្រីតរងការខូចខាតផ្នែកខាងមុខក្រពឹតបន្តិចបន្តួច តែសំណាងល្អមិនបង្កឱ្យនរណាម្នាក់រងរបួស នោះទេ។

តាមសម្តីបុរសឈ្មោះបណ្ណី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់រួមនឹងមិត្តភក្តិប្រុសស្រី៣-៤នាក់ទៀត ទើបនឹងចេញពីកម្មវិធីនៅផ្ទះមិត្តភក្តិ  ដោយបើកបរតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត លុះធ្វើដំណើរមកដល់ត្រង់ចំណុចស្តុបសេរីភាព ក៏ឃើញភ្លើងស្តុបលោតពណ៌ក្រហម ប៉ុន្តែដោយឃើញផ្លូវស្ងាត់ល្អគ្មានយានយន្តឆ្លងកាត់ ទើបគាត់បានបន្តដំណើរទៅមុខទៀតដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែរំពេចនោះក៏មានរថយន្តទំនើបម៉ាក Roll Royce ១គ្រឿង បើកបរដោយលោកឧកញ៉ាឌួង ឆាយ បើកឆ្លងកាត់ ទើបធ្វើឱ្យរថយន្តរបស់គាត់ជ្រុលទៅបុករថយន្តលោកឧកញ៉ា ឌួង ឆាយ ចំចំហៀងខាងស្តាំរងការខូចខាតយ៉ាងដំណំតែម្តង។

បុរសជាអ្នកបើករថយន្តហាយប៊្រីត បានបន្តថា ទោះជាយ៉ាងណា គាត់ទទួលស្គាល់ថា រូបគាត់ជាអ្នកបើកបរខុសដោយសារបំពានភ្លើងក្រហម ចំណែកលោកឧកញ៉ា ឌួង ឆាយ បើកបរនៅលើដងផ្លូវ ដែលលោតភ្លើងពណ៌ខៀវ។ តែយ៉ាងណា គាត់ទទូចសុំការសន្តោសប្រណីពីលោកឧកញ៉ា ឌួង ឆាយ ផង ព្រោះគាត់ពិតជាគ្មានសមត្ថភាពនឹងសងរថយន្តលោកឧកញ៉ាបានឡើយ។

បុរសខាងលើបានលើកឡើងថា “ខ្ញុំមានតែម្រាមដៃដប់សំពះដល់លោកឧកញ៉ា សុំឱ្យលោកឧកញ៉ា អនុគ្រោះដល់ខ្ញុំផង ព្រោះខ្ញុំមិនមែនជាកូនអ្នកមាននោះទេ ខ្ញុំជាកូនកសិករក្រីក្រ ឡានបង់រំលោះ ហើយជីវិតខ្ញុំជាអ្នករត់តាក់ស៊ីទេ ហើយបើគាត់យកខ្ញុំទៅណា ខ្ញុំក៏សុខចិត្តទៅដែរ ប៉ុន្តែខ្ញុំគ្មានលុយ សងរថយន្តទំនើបលោកឧកញ៉ានោះទេ ឡានគាត់តម្លៃរាប់លានដុល្លារ ឯឡានខ្ញុំតម្លៃ១ម៉ឺន ២ម៉ឺនដុល្លារ ហើយបង់រំលោះទៀត ចឹងគ្មានលទ្ធភាពឯណាទៅសងគាត់បានទៅ។ និយាយចំទៅ បងឧកញ៉ា ឌួង ឆាយ គឺជាអាយដលរបស់ខ្ញុំ គាត់ជាមនុស្សមួយមានឆន្ទៈខ្ពង់ខ្ពស់ ខ្ញុំស្រលាញ់គាត់ណាស់ តែចុងក្រោយបែរជាមកប៉ះចំអាយដលខ្លួនឯងទៅវិញ ធ្វើឱ្យខ្ញុំនឹកស្មានមិនដល់…”។

ដោយឡែក នៅកន្លែងកើតហេតុ គេឃើញបុរសជាម្ចាស់រថយន្តបង្កកាមរីហាយប៊្រីត បានលុតជង្គង់សំពះសុំទោស សុំការសន្តោសប្រណីពីលោកឧកញ៉ាឌួង ឆាយ ដែរ ប៉ុន្តែលោកឧកញ៉ា ឌួង ឆាយ បានបញ្ជាក់ថា លោកមិនអាចទទួលយកការសុំទោសនេះបានឡើយ ដោយសារតែម្ចាស់រថយន្តកាមរីហាយប៊្រីតបើកបរព្រហើនពេក។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES