ខេត្តកំពង់ស្ពឺ ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលបុរសជាមន្ត្រីយោធាពាក់ស័ក្តិ៥ម្នាក់បានសម្រេចដាក់ពាក្យបណ្តឹងទៅលើនារីជាគូដណ្តឹងរបស់ខ្លួន ដែលបានភ្ជាប់ពាក្យនឹងគ្នាត្រឹមត្រូវតាមច្បាប់ ស្រាប់តែនៅសុខៗខាងស្រីបែរជាសម្ងំបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្មី រហូតថ្លើមធំហ៊ានលួចលាក់រៀបចំពិធីមង្គលការចំថ្ងៃទី១៤ កុម្ភៈ (ថ្ងៃនៃក្តីស្រលាញ់) ទៀតផង លុះរឿងរ៉ាវបែកធ្លាយក៏ត្រូវភាគីបុរសជាគូដណ្តឹងកើតទុក្ខមិនសុខចិត្តដាក់ពាក្យប្តឹង ឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ដាច់ខាត… ១៤កុម្ភៈ អូនការចោលបង!…។
ករណីគូដណ្តឹងលួចលាក់រៀបការជាមួយប្រុសថ្មីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិព្រៃតាទ្រូ ឃុំភ្នំតូច ស្រុកឧដុង្គ បន្ទាប់ពីខាងប្រុសបានចូលខ្លួនមកដាក់ពាក្យបណ្តឹងឱ្យអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍។

ភាគីបុរសអភ័ព្វស្នេហ៍ ដែលត្រូវគូដណ្តឹងលួចរៀបការប្រុសថ្មី មានឈ្មោះហង្ស ពេជ្រ មុខរបរជាមន្ត្រីយោធា ពាក់ស័ក្តិ៥។
លោកហង្ស ពេជ្រ ដែលនៅក្នុងដៃបានកាន់រូបថតភ្ជាប់ពាក្យជាមួយគូដណ្តឹង បានរៀបរាប់ប្រាប់ថា រវាងលោកនិងនារីជាគូដណ្តឹង ធ្លាប់បានភ្ជាប់ពាក្យនឹងគ្នាតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩មកម៉្លេះ។ ដោយលោកបានឱ្យចាស់ទុំចូលស្តីដណ្តឹង (ភ្ជាប់ពាក្យ) នៅផ្ទះខាងស្រី ព្រមទាំងបានរៀបចំពិធីត្រឹមត្រូវទៅតាមគន្លងប្រពៃណីខ្មែរ និងបានចំណាយលុយកាក់ជាច្រើនសម្រាប់ជូនភ្ញៀវហូបចុកក្នុងពិធីនាថ្ងៃនោះ។

លោកហង្ស ពេជ្រ បន្តថា បន្ទាប់ពីភ្ជាប់ពាក្យជាគូដណ្តឹងរួចហើយ ខាងស្រីបានទៅរស់នៅរៀនសូត្រ ផ្នែកអ៊ុតសក់នៅភ្នំពេញ ក្រោមការជួយទំនុកបម្រុងពីលោកជាគូដណ្តឹងក្នុងមួយខែៗ មិនក្រោម២០០ដុល្លារនោះទេ ព្រោះលោកយល់ថា ជាគូដណ្តឹងដូចប្តីប្រពន្ធទៅហើយ។
លុះថ្ងៃមួយ នារីជាគូដណ្តឹងបានសុំលោកទៅលេងស្រុកកំណើត ស្រាប់តែទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសថ្មី និងថែមទាំងលួចធ្វើសំបុត្រអាពាហ៍ពិពាហ៍គ្រោងរៀបការនឹងគ្នា ក្បត់ចិត្តលោកជាគូដណ្តឹង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះទៀតផង នៅភូមិឃុំដែលនាងរស់នៅទៅវិញ ទើបធ្វើឱ្យ គាត់កើតទុក្ខមិនសុខចិត្តក៏សម្រេចដាក់ពាក្យបណ្តឹងតែម្តង។

លោកឃាន ទូច ជាមេធាវីតំណាងដោយអាណត្តិរបស់លោកហង្ស ពេជ្រ បានលើកឡើងពាក់ព័ន្ធនឹងផ្លូវច្បាប់ថា ជាធម្មតាការសុំច្បាប់រៀបការ អាជ្ញាធរទុករយៈពេល១៥ថ្ងៃ ដើម្បីឱ្យភាគីពាក់ព័ន្ធដឹង ហើយរឿងនេះលោកមេធាវី ក៏បានដាក់ពាក្យមុនដើម្បីឃាត់ពិធីអាពាហ៍ពិពាហ៍នេះរួចរាល់ហើយដែរ។
លោកមេធាវី បានបញ្ជាក់ថា សិទ្ធិរបស់កូនក្តីលោកនៅមានតួនាទីជាគូដណ្តឹងស្មើគ្នាទៅនឹងប្តីប្រពន្ធ ដែលដឹងឮដោយចាស់ទុំពេញភូមិ មិនមែនភ្ជាប់ពាក្យនឹងគ្នាហើយ ស្មើនឹងសង្សារដូចខាងស្រីលើកឡើងនោះទេ។ លោកមេធាវីបានស្នើសុំឱ្យអាជ្ញាធរទាំងភូមិដល់ខេត្ត ត្រូវតែហាមឃាត់ពិធីរៀបការរបស់ភាគីខាងស្រី ឱ្យបានដាច់ខាត ទៅតាមបណ្តឹងតាមផ្លូវច្បាប់ របស់ភាគីខាងប្រុស។

ជុំវិញរឿងរ៉ាវស្នេហ៍ដ៏ចម្រូងចម្រាស់ខាងលើនេះ “នគរធំ“ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីសាមីខ្លួននារីជាគូដណ្តឹងបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕