Monday, November 24, 2025
Homeព័ត៌មានជាតិសន្តិសុខឃើញច្បាស់ ក៏សួរនាំ ស្រាប់តែនាងមិនឆ្លើយ បែរជាស្ទុះ...

សន្តិសុខឃើញច្បាស់ ក៏សួរនាំ ស្រាប់តែនាងមិនឆ្លើយ បែរជាស្ទុះ…

ខេត្តកែប ៖ បុរសជាប្រជាការពារម្នាក់កំពុងមើលការខុសត្រូវសន្តិសុខក្នុងពិធីមង្គលការមួយ ក៏ប្រទះឃើញស្ត្រីជាអ្នករើសអេតចាយម្នាក់បន្លំចូលទៅលួចរបស់របរ (ភេសជ្ជៈ) ដែលម្ចាស់កម្មវិធីរៀបចំដាក់លើតុទទួលភ្ញៀវ ក៏ចូលទៅឃាត់ ស្រាប់តែស្ត្រីរើសអេតចាយផ្ទុះកំហឹងក៏ដកកូនកាំបិតចាក់បុរសជាប្រជាការពារ១កាំបិត បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរៀបចំពិធីមង្គលការមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះដែលត្រូវស្ត្រីសង្ស័យចាក់១កាំបិត បណ្តាលឱ្យរងរបួស មានឈ្មោះឯក សារុន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាប្រជាការពារ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីសង្ស័យ មានឈ្មោះហេង ណៃ អាយុ៤០ឆ្នាំ មុខរបរអ្នករើសអេតចាយតាមរោងបុណ្យរោងការ មានលំនៅមិនពិតប្រាកដ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលជាប្រជាការពារ បានទៅការពារសន្តិសុខនៅក្នុងពិធីមង្គលការមួយកន្លែង ក្នុងភូមិសង្កាត់ខាងលើ (ទីតាំងកើតហេតុ) លុះមកដល់វេលាម៉ោងកើតហេតុ ក៏ប្រទះឃើញស្ត្រីសង្ស័យខាងលើ បានបន្លំលួចយកសម្ភារៈ (ភេសជ្ជៈ) ដែលម្ចាស់កម្មវិធីដាក់នៅតាមតុសម្រាប់ទទួលភ្ញៀវ។

ឃើញបែបនេះជនរងគ្រោះជាប្រជាការពារ ក៏បានទៅហាមឃាត់ស្ត្រីសង្ស័យកុំឱ្យធ្វើបែបនេះ ស្រាប់តែរំពេចនោះ ស្ត្រីសង្ស័យផ្ទុះកំហឹងក៏ទាញកូនកាំបិតដែលដាក់តាមខ្លួនចាក់ប្រហារជនរងគ្រោះ១កាំបិតចំដៃ បណ្តាលឱ្យ រងរបួសយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើមីសម្រាកព្យាបាលភ្លាមៗ។ ចំណែកស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកែប ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការបន្តតាមនីតិវិធី។

ចំពោះករណីស្ត្រីដៃដល់ដែលបានចាក់ប្រជាការពារឱ្យរងរបួសដៃនេះ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត តំណាងលោកឧត្តមសេនីយ៍ បែន តារា ស្នងការនគរបាលខេត្តកែប បានចុះទៅសួរសុខទុក្ខនិងនាំយកថវិកាចំនួន៨០ម៉ឺនរៀល ដើម្បីឧបត្ថម្ភជូនកម្លាំងប្រជាការពារជាជនរងគ្រោះឈ្មោះ ឯក សារុន សម្រាប់យកទៅចាត់ចែងព្យាបាលមុខរបួសផងដែរ៕

RELATED ARTICLES