ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនករណីប្រព្រឹត្តអំពើហិង្សាដោយចេតនា ជេរប្រមាថ និងគំរាមថាសម្លាប់ ដោយថតជាវីដេអូនិងផ្ញើសារសម្លេងតាមឆាតហ្វេសប៊ុក។ ការឃាត់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនរងគ្រោះចំនួន៣នាក់ រួមមាន ៖
ទី១-ឈ្មោះវង្ស ស្រីឡែន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងអង្គការ Living Field ស្នាក់នៅភូមិលេខ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ទី២-ឈ្មោះ SEVIL OGUZ ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិតួកគី មុខរបរប្រធានអង្គការ Living Field ស្នាក់នៅផ្ទះលេខ 12D ផ្លូវលេខ៣០៨ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។
ទី៣-ឈ្មោះ វឿន សំណាង ភេទស្រី អាយុ៦ឆ្នាំ (ត្រូវជាកូនស្រីបង្កើតរបស់ជនសង្ស័យ)។
ចំណែកជនសង្ស័យមានឈ្មោះសេង វឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះឈ្មោះវឿន សំណាង។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៥៨នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ SEVIL OGUZ ជាប្រធានអង្គការ Living Fields កំពុងតែនៅផ្ទះឯសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្រាប់តែជនសង្ស័យឈ្មោះសេង សាវឿន បានប្រើគណនីហ្វេសប៊ុកឈ្មោះឡុង ស្នា ផ្ញើសារវីដេអូនិងសារសម្លេងសកម្មភាពរបស់ខ្លួន (សេង សាវឿន) ប្រើហិង្សាលើកូនស្រី (ក្មេងស្រីរងគ្រោះឈ្មោះវឿន សំណាង) ហើយសារនោះនិយាយជាភាសាខ្មែរ តែជនរងគ្រោះឈ្មោះ SEVIL OGUZ ស្តាប់ពុំយល់ ដោយសារពុំចេះភាសាខ្មែរក៏បានផ្ញើសារទាំងនោះទៅឱ្យជនរងគ្រោះឈ្មោះវង្ស ស្រីឡែន ភេទស្រី អាយុ២៩ឆ្នាំ ដើម្បីបកប្រែឱ្យខ្លួនស្តាប់។
បន្ទាប់ពីជនរងគ្រោះឈ្មោះវង្ស ស្រីឡែន បានមើលវីដេអូនិងស្តាប់សារសម្លេង ឃើញថាជនសង្ស័យបានទះកំផ្លៀងនិងវ៉ៃក្បាលក្មេងស្រីរងគ្រោះឈ្មោះវឿន សំណាង ដែលជាកូនស្រីបង្កើតរបស់ខ្លួនជាច្រើនដៃ រួចជេរប្រមាថជនរងគ្រោះឈ្មោះ SEVIL OGUZ និងជនរងគ្រោះឈ្មោះវង្ស ស្រីឡែន ដោយពាក្យអសុរោះជាច្រើន។
ក្នុងន័យឈប់ឱ្យជនរងគ្រោះរវីរវល់ជាមួយគ្រួសាររបស់គេទៀត និងផ្ញើសារជាសម្លេងទៀតថា “ផ្ញើជូនអ្នកបកប្រែង៉ែងផងកុំពុករលួយខ្លាំងពេក ឱ្យធ្វើម៉ាគ្រប់ចប់ហ្នឹង ប្រញាប់ងាប់ស្អែកខានស្អែកមែន ផ្ទេរទ្រព្យសម្បត្តិឱ្យកូនអញចឹង ហើយង៉ែងយកអ្នកបកប្រែមកពីណា អ្នកបកប្រែង៉ែងបន់ឱ្យង៉ែងង៉ាប់ចឹងហ្មង ម៉េចគិតថាកូនអញទៅហ្នឹង អញប្រមូលទ្រព្យសម្បត្តិពីង៉ែងមែន?” និងសារជេរប្រមាថគំរាម សម្លាប់ជនរងគ្រោះឈ្មោះ SEVIL OGUZ និងឈ្មោះវង្ស ស្រីឡែន ថែមទៀតផង។
ទើបជនរងគ្រោះទាំង២នាក់បានមករាយការណ៍និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតាមនីតិវីធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើកូនស្រីឈ្មោះវឿន សំណាង និងជេរប្រមាថជនរងគ្រោះទាំង២នាក់ខាងលើ ហើយថតជាវីដេអូ និងសារសម្លេងផ្ញើទៅឱ្យជនរងគ្រោះឈ្មោះ SEVIL OGUZ ប្រាកដមែន ដោយសាររូបគេ (ជនសង្ស័យ) ខឹងជនរងគ្រោះឈ្មោះវង្ស ស្រីឡែន ដែលជាអ្នកគ្រប់គ្រងអង្គការ Living Fields បានប្រើរូបគេទៅធ្វើលិខិតផ្លាស់ប្តូរលំនៅពីភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល មករស់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ វិញម្តង។
ប៉ុន្តែជនរងគ្រោះឈ្មោះ វង្ស ស្រីឡែន មិនបានប្រាប់រូបគេឱ្យបានដឹងជាមុន ហើយមិនបានផ្ញើលុយឱ្យរូបគេសម្រាប់យកទៅចែកចាយឱ្យបងប្អូនម៉ែឪនៅស្រុកកំណើត ឱ្យតែលុយសម្រាប់ធ្វើសោហ៊ុយទៅមកនិងចំណាយទៅលើឯកសារផ្សេងៗ ទើបរូបគេខឹង ក៏បានឱ្យអង្គការផ្ញើកូនស្រីឈ្មោះវឿន សំណាង មករូបគេវិញ។
ហើយអង្គការក៏បានយកកូនស្រីឈ្មោះវឿន សំណាង យកមកប្រគល់ឱ្យរូបគេតាមការទាមទារ ហើយរូបគេក៏បានធ្វើសកម្មភាពវ៉ៃកូនស្រីឈ្មោះវឿន សំណាង និងជេរប្រមាថជនរងគ្រោះទាំង២នាក់ខាងលើហើយថតជាវីដេអូ និងសារសម្លេងផ្ញើទៅឱ្យជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕