ខេត្តសៀមរាប ៖ ស្ត្រីវ័យចំណាស់ម្នាក់បានដាក់សាកទូរស័ព្ទជាមួយនឹងអាគុយសូឡាចោលនៅក្នុងផ្ទះ រួចក៏ដឹកគោចេញទៅចងនៅឯវាលស្រែ លុះពេលត្រឡប់មកវិញក៏ស្រាប់តែប្រទះឃើញភ្លើងឆេះផ្ទះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យរងការខូចខាតទាំងស្រុង។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិស្នាសង្គ្រាម ឃុំបល្ល័ង ស្រុកប្រាសាទបាគង។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើនេះ ជាប្រភេទផ្ទះឈើសង់ផ្ទាល់ដី ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ កម្ពស់៦ម៉ែត្រ ប្រក់ស្បូវជញ្ជាំងស្លឹងដូង មានម្ចាស់ឈ្មោះសូ ឆន ភេទស្រី អាយុ៥៥ឆ្នាំ មានលំនៅក្នុងភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ចុះពីផ្លូវលេខជាតិលេខ៦ ចម្ងាយពីអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ប្រមាណ១៥គីឡូម៉ែត្រ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដាក់សាកថ្មទូរស័ព្ទជាមួយនឹងផ្ទាំងអាគុយសឡានៅក្នុងផ្ទះ បន្ទាប់មកក៏ដឹកគោចេញពីផ្ទះទៅចងនៅវាលស្រែដូចសព្វដង។

លុះពេលត្រឡប់មកវិញក៏ឃើញភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅទៅហើយ ទើបស្រែកឆោឡោហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗដែរ តែអកុសល ដោយសារផ្ទះកើតហេតុស្ថិតនៅឆ្ងាយពីទីប្រជុំជន ប៉ុន្តែក៏មានការជួយអន្តរាគមន៍ពីកម្លាំងប៉ុស្តិ៍ ប្រជាការពារ ប្រជាពលរដ្ឋ ប្រធានភូមិ និងអនុប្រធានភូមិ ជួយអន្តរាគមន៍ជាច្រើននាក់ផងដែរ រហូតដល់ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃដដែល។

តាមការអះអាងពីម្ចាស់ផ្ទះបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើបានបង្កឱ្យមានការខូចខាត រួមមាន ផ្ទះ១ខ្នងទាំងស្រុង ម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ទូរទស្សន៍១គ្រឿង ម៉ាស៊ីនដេខោអាវ១គ្រឿង ផ្ទាំងសូឡា និងអាគុយ១ឈុត ស្រូវ២២ការ៉ុង មាសក្រវិល៧ហ៊ុន ប្រាក់១០ម៉ឺនរៀល សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប្លង់ដី រួមនឹងសម្ភារប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត៕