ខេត្តរតនគិរី ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូចំនួន២គ្រឿង) កាលពីវេលាម៉ោង៧និង៥៧នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចចម្ការនៅភូមិកាឡៃ២ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី បន្ទាប់ពីជននេះធ្វើសកម្មភាពលួចបានសម្រេច ហើយគេចខ្លួនបានមួយថ្ងៃរួចមក។
ជនសង្ស័យឈ្មោះហា យិកថុក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង មានលំនៅភូមិកាឡៃសាពូន ឃុំភ្នំកុក ស្រុកវើនសៃ ខេត្រតនគិរី។
ចំណែកជនរងគ្រោះឈ្មោះរ៉ាង ខាងថុល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ រស់នៅភូមិកាឡៃសាពូន ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្នុងការចុះបង្ក្រាបនោះ មានកម្លាំងអធិការដ្ឋាននគរបាលស្រុកវើនសៃ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកាឡៃ ស្រុកអូរជុំ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីលួចម៉ូតូជនរងគ្រោះចំនួន២គ្រឿង នៅម៉ោងប្រហែល៣ទៀបភ្លឺ កាលពីថ្ងៃទី១១ ខែកុម្ភៈ នៅចំណុចចម្ការរបស់ជនរងគ្រោះតែម្តង។
សមត្ថកិច្ចដដែលឱ្យដឹងថា បន្ទាប់ពីបាត់ម៉ូតូ ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចឱ្យអន្តរាគមន៍ស្រាវជ្រាវចាប់ជនល្មើស ទើបសមត្ថកិច្ចចាប់បានជនសង្ស័យខាងលើនេះ។
ក្រោយពេលការឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានស្រុកវើនសៃវិញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕