ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តមួយគ្រឿង ម៉ាក TOYOTA CAMRY HYBRID ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-1549 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនបំពានភ្លើងស្ដុប រួចជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក ROLLS ROYCE របស់ឧកញ៉ាឌួង ឆាយ យ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតក្រពិតទ្វារខាងស្នាំធ្ងន់ធ្ងរ ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចស្ដុបសេរីភាព តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត។ លុះដល់ចំណុចស្ដុបសេរីភាព រថយន្តបង្កខាងលើនេះបានបើកបំពានភ្លើងស្តុប ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបរបស់ឧកញ៉ាឌួង ឆាយ បណ្ដាលឲ្យរងការខូចខាតក្រពិតទ្វារចំហៀងខាងស្ដាំតែម្ដង។

ប្រភពបានបន្ថែមថា ក្រោយកើតហេតុ គេបានឃើញលោកឧកញ៉ាឌួង ឆាយ បានបើកទ្វារចេញពីរថយន្ត ដោយទុករថយន្តឲ្យសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក។
ក្រោយកើតហេតុ លោកឧកញ៉ាឌួង ឆាយ បានបង្ហោះសារថា “ធ្វើជាមនុស្សត្រូវចេះរៀនទទួលខុសត្រូវចំពោះកំហុសខ្លួនឯង”។

យ៉ាងណា អ្នកសារព័ត៌មានយើងមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកឧកញ៉ាឌួង ឆាយ ដើម្បីបញ្ជាក់បន្ថែមពីករណីគ្រៅថ្នាក់ចរាចរណ៍ខាងលើបាននៅឡើយទេ៕
