Monday, November 24, 2025
Homeព័ត៌មានជាតិកូនស្រីប្រាប់ម៉ែថា ទៅងូតទឹកតែមួយភ្លែត... ក៏ជួបរឿងហ្នឹងតែម្តង

កូនស្រីប្រាប់ម៉ែថា ទៅងូតទឹកតែមួយភ្លែត… ក៏ជួបរឿងហ្នឹងតែម្តង

ខេត្តកំពង់ចាម ៖ ក្មេងស្រីម្នាក់បានសុំម្តាយទៅងូតទឹកទន្លេ រួចក៏ដើរចេញពីផ្ទះតែម្នាក់ឯងបាត់ទៅ លុះចេញទៅបាត់យូរពេក មិនឃើញត្រឡប់មកផ្ទះ ក្រុមគ្រួសារក៏នាំគ្នាផ្អើលឆោឡោតាមទៅរកមើល និងចុះរាវរកក្នុងទឹកទន្លេស្រាប់តែប្រទះឃើញសាកសពក្មេងស្រីរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមាត់ទន្លេ ស្ថិតនៅភូមិនាងរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះស៊ឹម ហាប់ស៊ី អាយុប្រហែល១២ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិសង្កាត់ កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះបានសុំម្តាយចេញទៅងូតទឹកទន្លេដូចសព្វដង រួចក៏បានដើរចេញពីផ្ទះតែម្នាក់ឯងបាត់ទៅ។ លុះមកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលទៅហើយ នៅតែមិនទាន់ឃើញកូនស្រីត្រឡប់មកផ្ទះវិញទៀត មើលទៅដូចខុសប្លែករាល់ដង ទើបក្រុមគ្រួសារបាននាំគ្នាតាមទៅរកមើលក្មេងស្រីរងគ្រោះនៅមាត់ទន្លេ លុះសង្ស័យថា កូនស្រីលង់ទឹកក៏នាំគ្នាចុះរាវរក ស្រាប់តែប្រទះកូនស្រីលង់ទឹកស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញបានចុះពិនិត្យនិងវិភាគកន្លែងកើតហេតុ ដោយមានកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំបួរមាស លោកមេភូមិ គ្រូពេទ្យខេត្តកំពង់ចាម បានចុះទៅដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មការចំរុះពិនិត្យសាកសព។

ក្រោយពិនិត្យចប់ សមត្ថកិច្ចជំនាញបញ្ជាក់ថា ទីកន្លែងកើតហេតុគឺនៅចំណុចមាត់ទន្លេ ទល់មុខវិហារអ៊ីស្លាម (ជម្រៅទឹកដែលក្មេងស្រីបានលង់មានជម្រៅ១,៧០ម៉ែត្រ)។ ចំណែកសាកសពក្មេងស្រីរងគ្រោះ ផ្នែកក្បាល ផ្នែកដងខ្លួន ផ្នែកអវៈយវៈ គឺគ្មានស្លាកស្នាមអ្វីទាំងអស់។

ឆ្លងតាមការស្រាវជ្រាវពិនិត្យ នៅកន្លែងកើតហេតុ និងជុំវិញកន្លែងកើតហេតុព្រមទាំងការបំភ្លឺពីម្តាយរបស់ជនរងសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ការស្លាប់របស់ក្មេងស្រីឈ្មោះស៊ឹម ហាប់ស៊ីស នេះពុំមានពាក់ពន្ធ័នឹងបទល្មើសព្រហ្មទណ្ឌឡើយ ពោលគឺស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងស្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី បងប្អូនជនជាតិខ្មែរ-ឥស្លាម៕

RELATED ARTICLES