Monday, November 24, 2025
Homeព័ត៌មានជាតិប្រជាពលរដ្ឋថា "ទាល់តែខ្មោចស្រុកបើកដៃ ទើបខ្មោចព្រៃហ៊ាន"

ប្រជាពលរដ្ឋថា “ទាល់តែខ្មោចស្រុកបើកដៃ ទើបខ្មោចព្រៃហ៊ាន”

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅភូមិទ្រា ឃុំទ្រា ស្រុកណ្តាលស្ទឹង បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចកើតមានការបាក់ច្រាំងស្ទឹងដល់ដីស្រែរបស់ពួកគាត់ ខណៈដែលក្រុមឈ្មួញរកស៊ីបូមខ្សាច់លក់ កំពុងឃុបឃិតគ្នាជាមួយក្រុមមន្ត្រីខិលខូចមួយចំនួនបូមខ្សាច់ចេញពីស្ទឹងយកទៅលក់យ៉ាងត្រជាក់ចិត្ត។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ក្នុងមូលដ្ឋានរបស់ពួកគាត់មានឈ្មួញធ្វើសកម្មភាពបូមខ្សាច់ និងដឹកជញ្ជូនខ្សាច់យ៉ាងអនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលករណីនេះប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែ និងថាមពលស្រុកកណ្តាលស្ទឹង ក៏ដូចជាពីសំណាក់លោកយិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ទេនោះ គឺឈ្មួញមិនអាចធ្វើសកម្មភាពបូមខ្សាច់ក្នុងភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង តាមអំពើចិត្តបានឡើយ។

ទាំងនេះទាល់តែមានការឃុបឃិតបើកដៃពីលោកយិន រដ្ឋា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ដែលល្បីល្បាញខាងស្ពាយត្រាជាប់ខ្លួន និងមន្ត្រីក្រោមឱវាទនៅស្រុកកណ្តាលស្ទឹង ទើបអាជីវកម្មបូមខ្សាច់អាចប្រព្រឹត្តទៅដោយរលូនយ៉ាងនេះ។

ប្រជាពលរដ្ឋរស់នៅភូមិខាងលើ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់ឃើញមន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជាមន្ត្រីជំនាញថ្នាក់ស្រុក ថ្នាក់ខេត្តចុះត្រួតពិនិត្យអាជីវកម្មបូមខ្សាច់នោះនៅឡើយទេ ខណៈដែលគេសង្ស័យថា ការដ្ឋានបូមខ្សាច់មួយនេះគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយសារឈ្មួញឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញទៅហើយនោះ។

ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឱ្យលោកម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ពិនិត្យឡើងវិញជាបន្ទាន់ទៅលើអាជីវកម្មបូមខ្សាច់ក្នុងភូមិទ្រា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ព្រោះឈ្មួញកំពុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់បរិស្ថានធម្មជាតិផងដែរ។

ប្រជាពលរដ្ឋបានលើកឡើងថា អាជីវកម្មបូមខ្សាច់ក្នុងមូលដ្ឋានខាងលើនេះ កំពុងធ្វើឱ្យបាក់ច្រាំងស្ទឹង ហើយការដឹកជញ្ជូនខ្សាច់ដោយប្រើប្រាស់រថយន្តធំៗកំពុងធ្វើឱ្យផ្លូវក្នុងមូលដ្ឋានត្រូវខូចជាបន្តបន្ទាប់ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើងៗ។

ជុំវិញការលើកឡើងខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកយិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES