Monday, November 24, 2025
Homeព័ត៌មានជាតិលក់ផលិតផលតាមអនឡាញ បែរជាបែកគំនិតធ្វើផ្តេសផ្តាសបែបនេះវិញ

លក់ផលិតផលតាមអនឡាញ បែរជាបែកគំនិតធ្វើផ្តេសផ្តាសបែបនេះវិញ

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន ស្រាវជ្រាវតាមការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ហើយគេចខ្លួនបានរយៈពេលមួយថ្ងៃរួចមក។ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ មានឈ្មោះសៅ កក្កដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ចំណែកជនរងគ្រោះមានឈ្មោះលី ប៉ោ ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៤B ផ្លូវលេខ៤៦៨ ស្ថិតក្នុងភូមិ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោកមៀច ឈួនស៊ីប៉ូលីន អធិការរងទទួលផែនព្រហ្មទណ្ឌ បញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានអង្គុយលេងទូរស័ព្ទដៃចំនួន២គ្រឿងនៅមុខផ្ទះ ក៏មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្គូបពី ពណ៌សលាយក្រហម ពាក់ស្លាកលេខកណ្តាល 1AP-8940 បានមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចំនួន២គ្រឿងពីជនរងគ្រោះ ហើយបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ភ្លាមៗនោះ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ។

លោកអធិការរងបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងបានចុះទៅផ្ទះជនរងគ្រោះ ហើយមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ  ទើបសមត្ថកិច្ចស្រាវជ្រាវតាមភិនភាគ រហូតមកដល់យប់ថ្ងៃទី០៩ ខែកុម្ភៈ ស្រាប់តែឃើញជនសង្ស័យកំពុងតែជិះម៉ូតូតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏ឃាត់ខ្លួនយកមកសួរនាំនៅអធិការដ្ឋានខណ្ឌចំការមន តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះប្រាកដមែន ដោយយកទៅលក់ឱ្យបុរសឈ្មោះធី បានចំនួន៦០០ដុល្លារ មកចាយវាយអស់ ហើយដោះដូរស្លាកលេខម៉ូតូចេញ ដើម្បីកុំឱ្យនគរបាលឃើញនិងដាក់ស្លាកលេខម៉ូតូភ្នំពេញ 1DF-4559 ជំនួសវិញ នៅតែមិនរួចពីជាប់ខ្នោះដដែល។

ជនសង្ស័យត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES