ភ្នំពេញ ៖ នារីបម្រើការក្នុងខារ៉ាអូខេម្នាក់ដើរទិញខោអាវក្នុងផ្សារ ឃើញឱកាសល្អលួចយកទូរស័ព្ទ iPhone XS MAX ស្រាប់តែម្ចាស់ឃើញទាន់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ករណីលួចយកទូរស័ព្ទនេះ បានកើតឡើងនៅចំណុចក្នុងតូបលេខ១០៨C២ ក្នុងផ្សារអូឡាំពិក ផ្លូវលេខ២៨៦ ក្រុមទី១០ ភូមិ២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២និង៤០នាទីរសៀល។
ជនសង្ស័យដែលម្ចាស់ទូរស័ព្ទចាប់បាន ឈ្មោះម៉េង សុគន្ធារី ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរបម្រើការក្នុងខារ៉ាអូខេ។

តាមរបាយការណ៍បញ្ជាក់ថា ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ទូរស័ព្ទ២គ្រឿង (ម៉ាក iPhone XS MAX ពណ៌ទឹកមាស លេខស៊ីម០៩២ ៣៣៣ ១៦៩, ម៉ាក iPhone XS MAX ពណ៌ទឹកមាស លេខស៊ីម០១២ ៩៤១ ៩៥៥)។
វត្ថុតាងទូរស័ព្ទ២គ្រឿងខាងលើ បានប្រគល់ទៅឱ្យជនរងគ្រោះវិញ តាមការស្នើសុំដោយមានការអនុញ្ញាតពីលោកស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះយិន លាង ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ៤ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរមន្ត្រីរាជការ និងឈ្មោះសុខ លីន ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៩ ផ្លូវ៣៨៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
របាយការណ៍ដដែលបញ្ជាក់ពីដំណើររឿងថា មុនពេលកើតហេតុ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១២និង១០នាទីរសៀល ជនសង្ស័យឈ្មោះម៉េង សុគន្ធារី ភេទស្រី អាយុ២៨ឆ្នាំ ចេញពីផ្សារអូរឫស្សី គោលបំណងមកផ្សារអូឡាំពិក។

ពេលមកដល់ផ្សារអូឡាំពិក ជនសង្ស័យបានឡើងទៅជាន់ទី២ ដោយបានដើរទៅតូបលក់ខោអាវមួយលេខ១០៨C២ សួររកទិញខោអាវ ប៉ុន្តែពេលឃើញទូរស័ព្ទរបស់ជនរងគ្រោះទាំង២គ្រឿង ដែលកំពុងសាកថ្មទុកចោល ឃើញឱកាសល្អជនសង្ស័យក៏បានលួចទូរស័ព្ទនោះបានសម្រេច រួចដើរចេញបានបន្តិច ត្រូវជនរងគ្រោះក្រឡេកឃើញទាន់រត់ដេញចាប់បាន។
ក្រោយមក ជនរងគ្រោះក៏បានប្រគល់ជនសង្ស័យឱ្យសន្តិសុខផ្សារអូឡាំពិក ក៏បានបញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក ដើម្បីសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿងទៀត ពីជនរងគ្រោះឈ្មោះសុខ លីន ភេទស្រី អាយុ២៥ឆ្នាំ ម៉ាក iPhone XS MAX ពណ៌ទឹកមាស លេខស៊ីម ០១២ ៩៤១ ៩៥៥ នៅចំណុចក្នុងតូបលេខ១៤៤ ក្នុងផ្សារអូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ បន្ទាប់មកក៏បានមកលួចទូរស័ព្ទជនរងគ្រោះដែលបានរៀបរាប់ខាងលើ ក៏អស់លក្ខណ៍ត្រឹមនេះតែម្តង។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ត៕