Monday, November 24, 2025
Homeព័ត៌មានជាតិនៅពីក្រោយខ្នង ពួកគេមិនញញើតដៃក្នុងការធ្វើស៊ីនោះទេ

នៅពីក្រោយខ្នង ពួកគេមិនញញើតដៃក្នុងការធ្វើស៊ីនោះទេ

ភ្នំពេញ ៖ មុខសញ្ញាប៉ុនប៉ងបាញ់សម្លាប់មនុស្សនៅស្រុកបាទី ខេត្តតាកែវ និងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានចំនួន២នាក់។

លោកវររសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង២នាក់នេះធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក ជាវ វិបុល បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដាក់បទបញ្ជាឱ្យកម្លាំងជំនាញរបស់នាយកដ្ឋានដឹកនាំស្រាវជ្រាវតាមបង្ក្រាប ក្រោមការសម្របសម្រួលពីលោកកែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជាវ វិបុល បានអះអាងថា ជាលទ្ធផលនៃការស្រាវជ្រាវកម្លាំងនគរបាលជំនាញបានចាប់ខ្លួនជនសង្ស័យ២នាក់ ៖

ទី១-ឈ្មោះថូ ថុន ហៅផូ ថុន អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ

និងទី២-ឈ្មោះផុន រិទ្ធី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្អែក ឃុំបន្ទាយមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង។

ដកហូតវត្តុតាង កាំភ្លើងចំនួន១ដើមម៉ាក K59 មានគ្រាប់ចំនួន៤ ម៉ូតូ១គ្រឿង ម៉ាក AIR BLADE ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1Q-1688 ដែកអក្សរ T និងថ្នាំបំពុលឆ្កែចំនួនកញ្ចប់។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះថូ ថុន ហៅផូ ថុន បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម (ប្រើប្រាស់អាវុធ) ដោយបាញ់ទៅលើជនរងគ្រោះម្នាក់ឈ្មោះកង នី ចំនួន៣គ្រាប់ បណ្តាលឱ្យរងរបួសធ្ងន់ ហើយជនសង្ស័យបានគេចខ្លួនបាត់។

លោកវរេសនីយ៍ទោ ហែម បូណា បានបន្តទៀតថា រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ បន្តធ្វើសកម្មភាពបាញ់ប្លន់ជនរងគ្រោះម្នាក់នៅផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ដោយយកបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1AG-0104។ ដោយឡែក ជនរងគ្រោះរងរបួសធ្ងន់ត្រង់ជើងដោយសារជនសង្ស័យបាញ់។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ថូ ថុន ហៅផូ ថុន បានបញ្ជាក់ថា រូបគេធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយនៅខេត្តកំពត រយៈពេល១៣ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស។

បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនសង្ស័យទាំង២នាក់ត្រូវបានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធីនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕

RELATED ARTICLES