ខេត្តកណ្តាល ៖ បុរសជើងខ្លាំងម្នាក់នៅសុខៗក៏បង្ករឿងឈ្លោះប្រកែក វាយបំផ្លាញផ្ទះអ្នកភូមិ បណ្តាលឱ្យរងការខូចខាតជាបន្តបន្ទាប់ចំនួន២ខ្នង ទីបំផុតម្ចាស់ផ្ទះទ្រាំលែងបានដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកមកចាត់ការតាមច្បាប់។

ករណីធ្វើឱ្យខូចខាតដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិតាកែវទី២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះមានចំនួន២នាក់ រួមមាន៖
ទី១-ឈ្មោះឃន សំអាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ មានលំនៅភូមិឃុំកើត ហេតុខាងលើ (ខូចខាតក្រពិតទ្វារធ្វើពីស័ង្កសី)។
និងទី២-ឈ្មោះមី សាន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល (ខូចខាតរបងធ្វើពីឥដ្ឋស៊ីម៉ង់ត៍កំពស់១,៣០ម៉ែត្រ ប្រវែង១៥ម៉ែត្រ)។
ចំណែកជនសង្ស័យមានឈ្មោះបង ហាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបានវាយធាក់របងធ្វើពីឥដ្ឋនិងស៊ីម៉ង់តិ៍របស់ឈ្មោះមី សាន កំពស់១,៣០ម៉ែត្រ ប្រវែង១៥ម៉ែត្របណ្តាលដួលរលំឱ្យខូចខាត ហើយឈ្មោះមី សាន បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ ចំណែកជនសង្ស័យបានរត់គេចខ្លួន។

លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យបានយកដំបងវាយរបង និងទ្វារផ្ទះរបស់ឈ្មោះឃន សំអាង បណ្តាលឱ្យខូចខាត ហើយស្រែកឡូឡាជេរប្រមាថទៀតផង។ បន្ទាប់មកឈ្មោះឃន សំអាង បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។

រហូតដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី៕
