ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់វ៉ៃខ្នោះភ្លាមៗ បន្ទាប់ពីជននេះធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលក់ភេសជ្ជៈលេខ៤៧ ផ្លូវលេខ៩២ ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចនគរបាល ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងសមត្ថកិច្ចចាប់បានក្នុងករណីឆក់នេះ មានឈ្មោះចាន់ អេងឡុង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលតាមផ្លូវបេតុង ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះគឹម សាយ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ រស់នៅផ្ទះលេខ៤៧ ផ្លូវលេខ៩២ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

វត្ថុតាងដកហូតបាន រួមមាន កាបូបស្ពាយ១ មានលុយខ្មែរ៧៣០០០០រៀល ជារបស់ជនរងគ្រោះ និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ចាម 1U-8425 របស់ជនសង្ស័យជិះធ្វើសកម្មភាព។
ប្រភពសមត្ថកិច្ចដដែលឱ្យដឹងទៀតថា នៅវេលាខាងលើជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រាះបានសម្រេច រួចបើកម៉ូតូគេចខ្លួន តែត្រូវជនរងគ្រោះស្រែកចោរៗ ធ្វើឲ្យផ្អើលឆោឡោឡើង ខណៈនោះក៏មានកម្លាំងនគរបាលទៅដល់ប្រទះឃើញ ក៏តាមចាប់ក្របួចជាប់តែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕