ខេត្តកណ្តាល ៖ បុរសជាគ្រូបង្រៀនម្នាក់បានចូលទៅផឹកកាហ្វេនៅក្នុងហាងទំនើបមួយកន្លែង លុះឃើញយុវជនជាសិស្សសាលាម្នាក់អង្គុយតុក្បែរគ្នាដើរចូលបន្ទប់ទឹក ដោយទុកកាបូបនៅលើតុ និងមានទូរស័ព្ទ១គ្រឿងក្នុងនោះផង ក៏បែកគំនិតលួចយកទូរស័ព្ទនោះ រួចគេចខ្លួនបាត់។
លុះយុវជនរងគ្រោះដឹងថាបាត់ទូរស័ព្ទ ស្នើសុំបុគ្គលិកហាងឆែកកាមេរ៉ាសុវត្ថិភាព ក៏ប្រទះឃើញសកម្មភាពរបស់គ្រូបង្រៀនរពឹសដៃកំពុងលួចទូរស័ព្ទរបស់ខ្លួន ទើបដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនគ្រូបង្រៀនកំហូច នាំយកមកចាត់ការតាមច្បាប់។
ករណីគ្រូបង្រៀនរពឹសដៃលួចទូរស័ព្ទសិស្សសាលានេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្នុងហាងកាហ្វេអាម៉ាហ្សូន មានទីតាំងស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

លុះមកដល់ល្ងាចថ្ងៃដដែល សមត្ថកិច្ចក៏ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតនៅខាងក្រោយសាលាសុវណ្ណភូមិ ក្នុងក្រុងតាខ្មៅ។
យុវជនរងគ្រោះមានឈ្មោះគន្ធ សត្យា អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ចំណែកជនសង្ស័យមានឈ្មោះភីម សុវណ្ណធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក មុខរបរគ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះសំណាក់ (ចល័ត) ក្នុងក្រុងតាខ្មៅ។ រីឯវត្ថុតាងចាប់យកទូរស័ព្ទ១គ្រឿង ម៉ាក iPhone 7plus ពណ៌ខ្មៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះបានចូលផឹកកាហ្វេនៅចំណុចហាងអាម៉ាហ្សូនទីតាំងកើតហេតុខាងលើ ស្របពេលនេះដោយសារតែទូរសព្ទ័របស់ខ្លួនអស់ថ្ម ទើបយុវជនរងគ្រោះបានទុកទូរស័ព្ទនៅក្នុងកាបូបស្ពាយ ហើយទុកកាបូបលើកៅអី បន្ទាប់មកក៏ដើរចូលទៅបន្ទប់ទឹក។ ខណៈដែលជនរងគ្រោះចូលបន្ទប់ទឹក ស្រាប់តែជនសង្ស័យដែលបានអង្គុយក្បែរគ្នាបានបន្លំលួចលូកយកទូរស័ព្ទពីក្នុងកាបូបរបស់ជនរងគ្រោះ រួចគេចខ្លួនបាត់។
ប្រភពដដែលបន្តថា លុះពេលចេញពីបន្ទប់ទឹកមកវិញជនរងគ្រោះរកទូរស័ព្ទរបស់ខ្លួនមិនឃើញ ទើបមានការសង្ស័យថា មានមនុស្សលួចក៏ស្នើសុំបុគ្គលិកហាងឱ្យជួយបើកមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែប្រទះឃើញថា ជនសង្ស័យដែលជាអ្នកអង្គុយក្បែរតុគ្នា បានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវនិងបានរកឃើញជនសង្ស័យកំពុងអង្គុយផឹកកាហ្វេនៅហាងកាហ្វេមួយកន្លែង ស្ថិតនៅខាងក្រោយសាលាសុវណ្ណភូមិ ក្នុងក្រុងតាខ្មៅ ក៏បានហៅសួរនិងធ្វើការឆែកឆេរឃើញទូរសព្ទ័នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ។
ក្រោយពីរកឃើញវត្ថុតាងជាក់ស្តែង សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅកាន់ប៉ុស្តិ៍តាខ្មៅដើម្បីសាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាគ្រូបង្រៀនរពឹសដៃខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទពីក្នុងកាបូបរបស់ជនរងគ្រោះប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕