Monday, November 24, 2025
Homeព័ត៌មានជាតិស្តាយណាស់ ទើបតែបាន២ខែប៉ុណ្ណោះ មិនទាន់អស់អាល័យទេ

ស្តាយណាស់ ទើបតែបាន២ខែប៉ុណ្ណោះ មិនទាន់អស់អាល័យទេ

ភ្នំពេញ ៖ យុវជនម្នាក់ទើបនឹងទិញម៉ូតូថ្មីជិះបាន២ខែ ស្រាប់តែត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពធាក់ផ្តួល រួចព្រួតគ្នាវ៉ៃប្លន់យកម៉ូតូទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចជិតវត្តហារ៍  តាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

យុវជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះវ៉ាន សៅណាក់ អាយុ១៨ឆ្នាំ មុខរបរព្រូឡាន មានលំនៅក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ។

ចំណែកម៉ូតូដែលត្រូវក្រុមចោរវ៉ៃប្លន់យកទៅ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IC.4341 ទើបនឹងទិញជិះបានប្រមាណ២ខែប៉ុណ្ណោះ។

តាមសម្តីយុវជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនទើបនឹងចេញពីហូបចុកជាមួយមិត្តភក្តិក៏ជិះម៉ូតូក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូតែម្នាក់ឯងតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត។

លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានធ្វើដំណើរតាមមកពីក្រោយ លុះមកដល់ទន្ទឹមគ្នាក៏ធាក់ខ្លួនបណ្តាលឱ្យដួលម៉ូតូ ហើយភ្លាមនោះក្រុមជនសង្ស័យក៏បានយកមួកសុវត្ថិភាពមកព្រួតវ៉ៃរូបគេជាច្រើនមួក បណ្តាលឱ្យរបួសយ៉ាងដំណំ បន្ទាប់មកក្រុមជនសង្ស័យក៏លើកម៉ូតូរបស់គេជិះចេញទៅទិសខាងលិចបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចកំណត់មុខសញ្ញានិងតាមប្រមាញ់ចាប់ខ្លួនក្រុមជនសង្ស័យនាំយកមកផ្តន្ទាទោស៕

RELATED ARTICLES