ខេត្តស្វាយរៀង ៖ បុរសជាជនជាតិវៀតណាមចំនួន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់ បន្ទាប់ពីជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពចាប់កូនបំណុលរបស់ខ្លួន (ខ្ចីលុយលេងល្បែង) ដែលជាជនជាតិវៀតណាមដូចគ្នា ឃុំខ្លួនរួចគំរាមជំរិតទារប្រាក់។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ៖
ទី១. ឈ្មោះបួយ គុកវៀត អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលីញ មានលំនៅក្នុងភូមិតូ៤ ឃុំហ្វាង៉ា ស្រុកយឿងគិញ ខេត្តហាយហ្វុង ប្រទេសវៀតណាម (គ្មានលិខិតឆ្លងដែន)។
ទី២-ឈ្មោះចិន ឌឹកសាន អាយុ២៧ឆ្នាំ មុខរបររ៉ូលីញ មានលំនៅក្នុងភូមិតូ៤ ឃុំហ្វាង៉ា ស្រុកយឿនគញ ខេត្តហាយហ្វុង ប្រទេសវៀតណាម (គ្មានលិខិតឆ្លងដែន)។
ចំណែកជនរងគ្រោះមានឈ្មោះវៀង វាំងទូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅភូមិអឹបចាន់ ឃុំអឹបចាន់ ស្រុកអាំងថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលជាអ្នកញៀនល្បែង បានចូលទៅលេងល្បែងនៅក្នុងកាស៊ីណូដែលជនសង្ស័យទាំង២នាក់ខាងលើបម្រើការជាងរៀងរាល់ថ្ងៃ។
លុះក្រោយពេលចាញ់ល្បែងអស់ ចង់ប្រើយុទ្ធសាស្ត្រសេះដាច់យកសេះតាម ក៏ទៅខ្ចីលុយពីជនសង្ស័យទាំង២នាក់ ចំនួន៣០លានដុង ដើម្បីយកមកផ្សងសំណាងបន្ត ចៃដន្យចាញ់បោសគូទខោ ហើយក៏គ្មានលុយសងទៅជនសង្ស័យវិញ ជាហេតុធ្វើឱ្យជនសង្ស័យបាននាំគ្នាធ្វើសកម្មភាពចាប់ឃុំជនរងគ្រោះដើម្បីជំរិតទារលុយមកវិញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសំណុំរឿងបញ្ជូនការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមច្បាប់៕