ខេត្តកណ្តាល ៖ យុវជនម្នាក់បានហៅម៉ូតូឌុបអ្នកស្គាល់គ្នាជិះចេញពីភ្នំពេញ ទៅផ្ទះឯស្រុកខ្សាច់កណ្តាល លុះទៅដល់អត់មានលុយឱ្យក៏សុំខ្ចីម៉ូតូអ្នករត់ម៉ូតុឌុបជិះ ដោយប្រាប់ថាទៅយកលុយនៅផ្ទះអ៊ំមួយភ្លែត រួចក៏ជិះយកទៅដោះស៊ីគ្រឿងយកលុយចាយ និងប្រុងស៊ីដាច់ម៉ូតូ ហើយព្យាយាមគេចខ្លួនអស់រយៈពេល៦ថ្ងៃ ទីបំផុតម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជាប់នាំយកមកចាត់ការតាមច្បាប់។
ករណីខ្ចីម៉ូតូជិះ រួចប្រុងស៊ីដាច់នេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ លុះមកដល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២០ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះគន់ សៀងហៃ ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ ចំណែកជនរងគ្រោះឈ្មោះផាត់ វ៉ាន្នី ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបររត់ម៉ូតូឌុប មានលំនៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។
ដោយឡែក វត្ថុតាងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកណ្តាល 1AG-3085 (របស់ជនរងគ្រោះ)។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យបានជួបជនរងគ្រោះដែលជាអ្នកស្គាល់គ្នានៅវត្តនាគវ័ន ហើយជនសង្ស័យបានឱ្យជនរងគ្រោះឌុបមកផ្ទះនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ក្នុងតម្លៃ៣ម៉ឺនរៀល។
ពេលឌុបមកដល់ផ្ទះ ជនសង្ស័យគ្មានលុយឱ្យ ក៏និយាយថា ខ្ចីម៉ូតូមួយភ្លែតទៅយកលុយនៅផ្ទះអ៊ំ ភ្លាមនោះ ជនរងគ្រោះក៏ឱ្យ ម៉ូតូទៅជនសង្ស័យជិះ ពេលបានម៉ូតូជនសង្ស័យជិះគេចទៅបាត់រហូត ពុំឱ្យជនរងគ្រោះវិញទេ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង ដើម្បីជួយស្រាវជ្រាវ។

លុះមកដល់ថ្ងៃទី០៦ ខែកុម្ភុៈ ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលួង បានសហការជាមួយកម្លាំងប៉ុស្ត៍ព្រែកអំពិល ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី។
នៅមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា ខ្លួនពិតជាខ្ចីម៉ូតូពីជនរងគ្រោះនោះប្រាកដមែន ដោយខ្លួនយកម៉ូតូនោះ ទៅដោះគ្រឿងយកទៅលក់ឱ្យឈ្មោះមិ បូរ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងម៉ូតូ មានលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល៕