ភ្នំពេញ ៖ ២ប្តីប្រពន្ធខំធ្វើការរកស៊ីរាល់ថ្ងៃទាំងលំបាក ស្ទើរតែរកលុយមកបង់ថ្លៃបន្ទប់ជួលតូចមួយមិនបានផង ពេលនេះបែរជាត្រូវលោកចោរធ្វើសកម្មភាពលួចយកម៉ូតូរបស់ពួកគាត់ទៅបាត់ ខានបានជិះទៀត ដោយធ្វើសកម្មភាពត្រឹមតែ១នាទីប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៥៦ ក្រុម៣៣ ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសម្តីរបស់ជនរងគ្រោះ បានឱ្យដឹងថា គាត់មានឈ្មោះពុំ នាង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ ដោយមានស្រុកកំណើតនៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សព្វថ្ងៃខំធ្វើការជាជាងកញ្ចក់ មិនដែលមានថ្ងៃសម្រាកនោះទេ ឯប្រពន្ធក៏ធ្វើការ មានតែម៉ូតូមួយគ្រឿងសម្រាប់ជិះ សូម្បីតែលុយបង់ថ្លៃបន្ទប់ជួលស្ទើរតែរកមិនចង់បានផង។

ជនរងគ្រោះឱ្យដឹងទៀតថា មុនពេលកើតហេតុ គាត់ត្រឡប់មកពីធ្វើការវិញបានទុកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FV-2538 នៅកន្លែងដាក់ម៉ូតូផ្ទះជួល ហើយគាត់ក៏ឡើងទៅសម្រាកនៅបន្ទប់ជាន់ខាងលើ ដោយបានចាក់សោកត្រឹមត្រូវ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-0462 ម្នាក់ធាត់ ម្នាក់រាងស្គម បានជិះមកក្រវែលរួចឈប់ម៉ូតូនៅមុខផ្ទះ ដោយមានម្នាក់នៅអង្គុយ លើម៉ូតូចាំមើល និងម្នាក់ទៀតមាឌធំ ពាក់មួកសុវត្ថិភាព ដើរចូលធ្វើសកម្មភាពកាច់សោកម៉ូតូលួចបានសម្រេច ជិះចេញទៅបាត់ត្រឹមតែ១នាទីប៉ុណ្ណោះ ។

ជនរងគ្រោះបន្តថា គាត់មិនបានចាប់អារម្មណ៍នោះទេ រហូតដល់វេលាម៉ោង៦ល្ងាច ទើបដឹងថា ចោរលួចម៉ូតូបាត់ទៅហើយ ក៏ប្រញាប់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ដើម្បីឱ្យជួយស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនេះ យកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។ ចំណែកគាត់កំពុងក្រលំបាកហើយ ត្រូវជិះម៉ូតូឌុបទៅធ្វើការថែមទៀត គ្មានសល់ អ្វីនោះទេ៕