Monday, November 24, 2025
Homeព័ត៌មានជាតិល្បិចបោកថ្មី!!! ប្រុសសុំសាក ស្រី២នាក់ជាប់ខ្នោះ

ល្បិចបោកថ្មី!!! ប្រុសសុំសាក ស្រី២នាក់ជាប់ខ្នោះ

ភ្នំពេញ ៖ ក្រុមជនសង្ស័យ១ក្រុមមានគ្នាប្រុសស្រី៣នាក់ បានជិះម៉ូតូកង់បីចូលមករកទិញម៉ូតូនៅហាងលក់ម៉ូតូមួយកន្លែង លុះតថ្លៃរួចហើយ ក៏សុំជិះសាកដោយបុរសម្នាក់ក្នុងចំណោមនោះបានឡើងជិះចេញទៅបាត់ ទុកនារី២នាក់នៅក្នុងហាងលក់ម៉ូតូ លុះមិនឃើញត្រឡប់មកវិញ ទើបម្ចាស់ហាងឃាត់ខ្លួនបក្ខពួក២នាក់ ប្រគល់ទៅឱ្យសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចហាងលក់ម៉ូតូគ្រប់ប្រភេទ យីហោ រស្មីហេងឆាយច្រិច មានទីតាំងស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយន សុចាន់ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបម្រើការក្នុងហាងខារ៉ាអូខេ ស្នាក់នៅជិតផ្សារប៉េសេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ និងទី២-ឈ្មោះម៉ៅ ស្រីមុំ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរបម្រើការក្នុងខារ៉ាអូខេមួយកន្លែងនៅផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

ចំណែកជនរងគ្រោះ មានឈ្មោះទ្រី មួយចេង ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ម៉ូតូនៅកន្លែងកើតហេតុ។ រីឯម៉ូតូដែលជនសង្ស័យជិះសាកយកទៅបាត់នោះ ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-1615។

តាមការរៀបរាប់ពីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានមករកទិញម៉ូតូនៅហាងគាត់២ទៅ៣ថ្ងៃមកហើយ តែមិនត្រូវថ្លៃ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែឃើញមកម្តងទៀតដោយមានគ្នា៣នាក់ ក្នុងនោះមានប្រុសម្នាក់ដោយជិះ ម៉ូតូកង់បីមក រួចក៏នាំគ្នាដើរចូលក្នុងហាង ហើយបានសួររកទិញម៉ូតូហុងដាឌ្រីម។

ជនរងគ្រោះបន្តថា ពេលនោះជនសង្ស័យក៏សុំមើលម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-1615 ភ្លាមនោះជនសង្ស័យក៏សុំសាកកម្លាំងម៉ូតូ ដោយជិះសាក ហើយដោយសារតែឃើញមានបក្សពួកនៅចាំនិងធានា ទើបគាត់ឱ្យសោម៉ូតូទៅជនសង្ស័យដើម្បីជិះសាក។

លុះពេលបានសោដល់ដៃហើយ ជនសង្ស័យក៏ឡើងជិះម៉ូតូចេញទៅបាត់ស្រមោល លុះបាត់យូរទៅៗមិនឃើញត្រឡប់មកវិញ ទើបគាត់ជាម្ចាស់ហាងសម្រេចឃាត់ស្ត្រី២នាក់ដែលជាបក្សពួកប្តឹងសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួនទើបតែស្គាល់បុរសជាជនសង្ស័យចំនួន២ថ្ងៃប៉ុណ្ណោះ ដោយសារជនសង្ស័យចូលទៅផឹកស៊ីកន្លែងហាងដែលខ្លួនធ្វើការ ហើយជនសង្ស័យក៏បានឱ្យជូនមករកទិញម៉ូតូ។ ពេលកំពុងមើលម៉ូតូ និងសុំសាក បែរជាជិះទៅបាត់បែបនេះ ធ្វើឱ្យខ្លួនទាំង២នាក់វ័ណ្ឌក ត្រូវម្ចាស់ហាងចាប់ឱ្យប៉ូលិសបែបនេះតែម្តង។

បច្ចុប្បន្ន ស្ត្រីសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ បណ្ណោះអាសន្នសិន៕

RELATED ARTICLES