Monday, November 24, 2025
Homeព័ត៌មានជាតិអានសំបុត្រកូនស្រីសុំទោសចប់... ឪពុកម្តាយដង្ហោយឲ្យវិលវិញ មិនប្រកាន់ទេ

អានសំបុត្រកូនស្រីសុំទោសចប់… ឪពុកម្តាយដង្ហោយឲ្យវិលវិញ មិនប្រកាន់ទេ

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែវេចបង្វេចចុះចេញពីផ្ទះបាត់ដោយបន្សល់ទុកលិខិតបណ្តាំចំនួន២ច្បាប់ សរសេររៀបរាប់ពីកំហុសរបស់ខ្លួននិងបង្ហាញពីការសុំទោសរាល់ទង្វើដែលខ្លួនធ្វើខុសឆ្គងនាំឱ្យអាប់ឱនដល់ឪពុកម្តាយ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

យុវតីដែលចុះចេញពីផ្ទះខាងលើនេះ មានឈ្មោះលី ហ័រ អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារយុវតីខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ កូនស្រីរបស់គាត់បានចូលដេកនៅក្នុងផ្ទះដូចសព្វដង។ រហូតមកដល់ព្រឹកព្រលឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្រាប់តែកូនស្រីក្រោកចេញពីផ្ទះបាត់។ ចំណែកក្រុមគ្រួសារនឹកស្មានថា កូនស្រីចេញទៅរៀនដូចសព្វដង លុះពេលចូលមើលនៅក្នុងបន្ទប់ក៏បាត់សម្លៀកបំពាក់របស់កូនស្រីខ្លះ ហើយនៅលើតុមានសៀវភៅ១ក្បាល ដោយក្នុងនោះមានសំណេរចំនួន២សន្លឹក ដែលជាអក្សររបស់កូនស្រី។

លុះពេលយកសៀវភៅនោះមកអានទើបដឹងថា កូនស្រីបានចុះចេញពីផ្ទះបាត់ទៅហើយ ទើបមានការផ្អើលឆោឡោតាមស្វែងរកសព្វកន្លែងដែរ តែរកមិនឃើញសោះ។

យោងតាមលិខិតបណ្តាំរបស់យុវតីខាងលើ ដែលបានសសេរដោយប៊ិក ពណ៌ខ្មៅនៅលើទំព័រសៀវភៅចំនួន២សន្លឹក បានរៀបរាប់ថា “ខ្ញុំសុំទោសម៉ាក់ហើយនិងប៉ាផង ខ្ញុំឈប់ធ្វើឱ្យម៉ាក់ប៉ា ពិបាកដោយសារខ្ញុំ ហើយខ្ញុំធ្វើឱ្យម៉ាក់ប៉ាខμសាគេ ធ្វើឱ្យប៉ាម៉ាក់ស្អុយកេរ្តិ៍ឈ្មោះ តែបើអត់មានខ្ញុំ ម៉ាក់ប៉ានឹងសប្បាយ ខ្ញុំមិននៅឱ្យម៉ាក់ប៉ាពិបាកចិត្តទេ ខ្ញុំជាកូនឥតបានការ កូនចោលម្សៀត កូនសុំទោស អរគុណដែលចិញ្ចឹមខ្ញុំតាំងពីតូចរហូតខ្ញុំធំ អរគុណដែលម៉ាក់ប៉ាមើលថែរក្សាកូន អរគុណម៉ាក់ប៉ា។

ស្អែកនេះម៉ោង៩.០០ កូននឹងចេញទៅតាមកម្មកូន មុននឹងម៉ាក់ប៉ាបានអាន កូនចេញឆ្ងាយហើយ។ ខ្ញុំធ្វើឱ្យម៉ាក់ប៉ាខ្មាសគេខ្លាំង លក់មុខខ្លាំង ខ្ញុំសន្យាថា នឹងចេញពីលោកទាំងពីរ។ កុំតាមរកខ្ញុំអី ឥតប្រយោជន៍ទេ ព្រោះខ្ញុំទៅឆ្ងាយទៅតាមកម្មរបស់ខ្ញុំ។ សុំទោសណាប៉ាម៉ាក់…”។

បន្ទាប់ពីបានអានលិខិតបណ្តាំ ដែលកូនស្រីបន្សល់ទុករួចហើយ ឪពុកម្តាយយុវតីខាងលើមានការរន្ធត់ចិត្តយ៉ាងខ្លាំង និងសម្តែងនូវទឹកចិត្តព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ព្រមទាំងប្រកាសដង្ហោយហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ គ្រប់យ៉ាងឪពុកម្តាយមិនប្រកាន់ខឹងនឹងកូនស្រីឡើយ៕

RELATED ARTICLES