ខេត្តកណ្តាល ៖ ប្តីប្រពន្ធ១គូរួមរស់មិនចុះសម្រុងនឹងគ្នាក៏ឈានដល់ការបែកបាក់ចែកផ្លូវគ្នា ដោយបានផ្តិតមេដៃលែងលះត្រឹមសាលាឃុំ លុះក្រោយមកត្រូវរ៉ូវគ្នាវិញ ប៉ុន្តែមិនបានប៉ុន្មានស្រាប់តែប្តីបែកចិត្តចុះចោលផ្ទះជាថ្មីទៅលួចរៀបការប្រពន្ធថ្មី ធ្វើឱ្យស្ត្រីជាប្រពន្ធដើមនាំកូនទៅអុកឡុករោងការ ផ្អើលអស់អ្នកភូមិ។
ហេតុការណ៍ខាងលើនេះបានកើតមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចមុខរោងការមួយកន្លែង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
ភាគីស្ត្រីជាប្រពន្ធដើមដែលដឹកដៃកូនមកអុកឡុកពិធីមង្គលការប្តីនេះ មានឈ្មោះហុក ស្រីណុច អាយុ២៧ឆ្នាំ មុខរបររកស៊ីលក់ត្រី។
ចំណែកភាគីបុរសជាប្តីជាកូនកំលោះក្នុងពិធីមង្គលការនោះ មានឈ្មោះលី ច្រាយ អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។ ដោយឡែក ភាគីកូនក្រមុំមានឈ្មោះទេស ស្រីនាង មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធដើម បានរៀបរាប់ប្រាប់ថា រវាងនាងនិងប្តីឈ្មោះលី ច្រាយ បានរួមរស់នឹងគ្នាជាប្តីប្រពន្ធច្រើនឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសម្នាក់អាយុ៦ឆ្នាំជាចំណងនិស្ស័យ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ប្តីនាងមិនធ្លាប់ប្រើប្រាស់អំពើហិង្សាធ្វើបាបរាងកាយនាងនោះទេ តែប្តីនេះតែងធ្វើបាបចិត្តនាងជារឿយៗ តាមរយៈការមានស្រីញីមិនសូវជួយរកស៊ីប៉ុន្មានទេ ជាហេតុធ្វើឱ្យ ជីវិតគ្រួសារចេះតែជួបរឿងរកាំរកូសមិនឈប់រហូតឈានដល់ចែកផ្លូវគ្នាម្តងរួចមកហើយ ដោយបានផ្តិតមេដៃលែងលះគ្នាត្រឹមសាលាឃុំ កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅ។

បន្ទាប់ពីលែងលះគ្នារួចមក ប្តីរបស់នាងក៏បានតាមមកអង្វរលួងលោមសុំជានាជាមួយនាងវិញ រហូតដល់នាងទន់ចិត្តក៏យល់ព្រមរួមរស់ជាប្តីប្រពន្ធបន្តទៀត ដោយបាននាំគ្នាទៅសាលាឃុំ សុំដកលិខិតផ្តិតមេដៃលែងលះគ្នាមកវិញ ហើយពេលយកមកនោះ នាងបានយក១សន្លឹកមកហែកចោល ចំណែកប្តីនាងបានរក្សាទុក។
ស្ត្រីជាប្រពន្ធដើមបន្តថា នៅពេលត្រូវរ៉ូវគ្នាម្តងទៀតនេះ ប្តីនាងនៅតែមិនចោលចរិតខិលខូចរឿងស្រីញីឡើយ ដោយចេះតែដើរចោលផ្ទះទៅជួបស្រីញីមិនឈប់ ចំណែករប រកស៊ីទិញលក់ត្រី ក៏ប្តីមិនរវីរវល់ជួយនាងសោះ។ ក្រោយមកប្តីនាងបានបែកគំនិតនាំស្រី (កូនក្រមុំ) ទៅជួបនាងដល់កន្លែងយឿត្រីទៀតផង លុះមិនបានប៉ុន្មានប្តីនាងក៏បានចុះចោលផ្ទះចោលប្រពន្ធកូនបាត់ដោយយករថយន្តតាកូម៉ា១គ្រឿង ទៅជាមួយផង។
ស្រាប់តែមិនបានប៉ុន្មាន នាងក៏ទទួលបានដំណឹងថា ប្តីបានស្នើសុំសំបុត្ររៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំគេដោយទៅប្រាប់ចៅសង្កាត់ថា ខ្លួនពោះម៉ាយនិងមានលិខិតបញ្ជាក់ពីសាលាឃុំកំណើត។ ដោយយោងលើលិខិតលែងលះដែលប្តីបានរក្សាទុកនោះ ទើបខាងមន្ត្រីអត្រានុកូលដ្ឋានបញ្ជាក់ថា ប្តីរបស់នាងនេះនៅពោះម៉ាយ និងមានសិទ្ធិរៀបការប្រពន្ធថ្មី។

ស្ត្រីជាប្រពន្ធដើម បានបញ្ជាក់ថា បន្ទាប់ពីដឹងច្បាស់ពីពេលវេលានិងទីតាំងដែលប្តីបានរៀបការ ទើបកាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២០ ដែលជាថ្ងៃសូត្រមន្តចូលរោងការ នាងបានមកជួបប្តី ដើម្បីរកដំណោះស្រាយស្ងាត់ៗដែរ តែប្តីមិនព្រម។
ចំណែកស្ត្រីជាកូនក្រមុំបានបោះសម្តីថា គេគ្មានអីដោះស្រាយជាមួយទេ គេការត្រឹមត្រូវតាមផ្លូវច្បាប់អស់ហើយ ចង់ដោះស្រាយមានតែធ្វើតាមផ្លូវច្បាប់ទៅចុះ ហើយបើមិនសុខចិត្តទេ ស្អែកនេះពួកនាងចូលរោងការចង់មកអុកឡុកអីក៏មកទៅ ទើបធ្វើឱ្យនាងទ្រាំមិនបាននាំបងប្អូនមកដល់រោងការទាំងព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ តែម្តង ខណៈដែលកូនកំលោះក្រមុំកំពុងហែជំនូន។

តាមការអះអាងរបស់ស្ត្រីជាប្រពន្ធដើមរូបនេះ អ្វីដែលនាងចង់បាននៅពេលនេះមិនមែនចង់បានប្តីទៅរួមរស់ជុំគ្នាវិញនោះទេ គ្រាន់តែចង់ឱ្យប្តីដោះស្រាយលែងលះជាមួយនាងឱ្យបានដាច់ស្រេច និងត្រូវជួយសងបំណុលដែលធ្លាប់បានខ្ចីរួមគ្នាយកមករកស៊ីទិញលក់ត្រី ចំនួនជាង១០០លានរៀល និងជាង១ម៉ឺនដុល្លារ និងស្នើសុំយករថយន្តតាកូម៉ា១គ្រឿងនោះត្រឡប់ទៅវិញ ដើម្បីជាមធ្យោបាយសម្រាប់នាងរកស៊ីចិញ្ចឹមកូន ហើយចង់ប្តីទៅរៀបការជាមួយប្រពន្ធប៉ុន្មាននាក់ទៀត ក៏នាងមិនខ្វល់ដែរ។
ដោយឡែក ភាគីបុរសជាប្តីនិងជាកូនកំលោះ ឈ្មោះលី ច្រាយ បានចេញមុខបកស្រាយថា រវាងគាត់ និងស្ត្រីឈ្មោះហុក ស្រីណុច ធ្លាប់ជាប្តីប្រពន្ធនឹងគ្នាមែន ប៉ុន្តែបានលែងលះគ្នាដាច់ស្រេចតាមផ្លូវច្បាប់អស់ទៅហើយនៅចំពោះមុខអាជ្ញាធរឃុំត្រើយស្លា ស្រុកស្អាង។

ជាក់ស្តែង គាត់មានភ័ស្តុតាងលិខិតលែងលះកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ ដោយ ក្នុងកិច្ចសន្យាព្រមព្រៀងនោះ គាត់ជាប្តីបានយល់ព្រមលែងលះ និងបើកផ្លូវឱ្យភាគីស្ត្រីឈ្មោះហុក ស្រីណុច មានគូស្រករសាងជីវិតថ្មីជាមួយអ្នកណាក៏បាន និងបានប្រគល់កូនប្រុសម្នាក់ទៅឱ្យភាគីស្ត្រីឈ្មោះហុក ស្រីណុច ជាអ្នកចិញ្ចឹមមើលថែទៀតផង។
មិនតែប៉ុណ្ណោះ នៅក្នុងកិច្ចសន្យាខាងលើនោះក៏បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីស្ត្រីឈ្មោះហុក ស្រីណុច យល់ព្រមទទួលរ៉ាប់រងលើបំណុលដែលខ្ចីឯកជនទាំងស្រុង ដោយមិនឱ្យគាត់ជាប្តីទទួលដឹងឮ ឬពិបាកជាមួយឡើយ ហើយក៏សន្យាថា មិនបង្កទំនាស់ ឬរឿងរ៉ាវផ្សេងៗជាមួយគាត់ឡើយ។ ប្រសិនបើថ្ងៃក្រោយ ភាគីណាមួយមិនគោរពតាមកិច្ចសន្យាខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់។

បុរសជាកូនកំលោះបានបន្ថែមថា កន្លងមកកាលពីអំឡុងរួមរស់ជាប្តីប្រពន្ធជាមួយឈ្មោះហុក្ ស្រីណុច គឺចេះតែកើតមានរកាំរកូសមិនឈប់សោះ ហើយសូម្បីតែក្នុងកិច្ចសន្យាក៏បញ្ជាក់ច្បាស់ថា អតីតប្រពន្ធរបស់គាត់រូបនេះសុខចិត្តព្រមសងបំណុលទាំងអស់តែម្នាក់ឯង គឺព្រោះតែនាងចង់លែងលះគាត់ជាប្តីឱ្យដាច់។
ចំណែកពាក្យថា ប្តីជាមនុស្សមិនដែលជួយធ្វើការរកស៊ីប្រពន្ធនេះ គាត់សួរថា កាលពីមុនមកអ្នកណាជាអ្នករកស៊ីដឹកត្រីរហូតដល់មានឡានធំសម្រាប់ចុះដឹកទៅមក? គឺមានតែគាត់ទេចេញចូលរកស៊ីតែម្នាក់ឯងជារៀងរាល់យប់។ ចំណែកប្រពន្ធនៅតែផ្ទះបែរជាលទ្ធផលចុងក្រោយ មកកូរគាត់នៅថ្ងៃមង្គលបែបនេះទៅវិញ។
បុរសជាកូនកំលោះនិងជាប្តី បានអះអាងថា អ្វីដែលអតីតប្រពន្ធមកអុកឡុកពិធីមង្គលការរបស់គាត់នៅពេលនេះ គឺដោយសារតែនាងចង់បានលុយ១ម៉ឺនដុល្លារ ដើម្បីយកទៅជួយចេញសងបំណុលគេ ប៉ុន្តែគាត់គ្មានលុយឱ្យនោះទេ ហើយក្នុងកិច្ចសន្យាលែងលះក៏បានបញ្ជាក់ច្បាស់ហើយថា នាងជាអ្នករ៉ាប់រងបំណុលតែម្នាក់ឯង ហេតុនេះមិនអាចមកទាមទារអ្វីពីគាត់បានឡើយ។

ហើយការដែលគាត់រៀបចំពិធីមង្គលការនៅថ្ងៃនេះ ក៏មិនមែនលួចលាក់ធ្វើ ឬធ្វើដោយចិត្តឯងនោះទេ គឺមានច្បាប់ទម្លាប់ត្រឹមត្រូវគ្រប់គ្រាន់ទាំងអស់ តាំងពីលិខិតបញ្ជាក់ភាពជាពោះម៉ាយ ទាំងប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ហេតុអ្វីក៏អតីតប្រពន្ធរូបនេះមកអុកឡុកបំបាក់មុខមាត់របស់គាត់ និងក្រុម- គ្រួសារកូនក្រមុំយ៉ាងនេះ? ហេតុនេះគាត់ក៏មិនសុខចិត្តដូចគ្នា ចាំបាច់ត្រូវតែឱ្យអតីតប្រពន្ធនេះសងជំងឺចិត្តគាត់ ហើយគាត់នឹងប្តឹងបកទៅប្រពន្ធវិញ។

ដោយឡែក ភាគីកូនក្រមុំក៏បានបញ្ជាក់ផងដែរថា មុននឹងនាងរៀបចំពិធីមង្គលការនេះ គឺនាងបានសុំច្បាប់ទម្លាប់ត្រឹមត្រូវ ទើបហ៊ានរៀបការ ហើយសួរថា ពួកគាត់ (ប្រពន្ធដើម) មកឃាត់ឃាំងអុកឡុកពិធីនេះមានច្បាប់ទម្លាប់ពីណាមក? ធម្មតាជីវិតមនុស្សទូទៅអ្នកណាក៏ធ្លាប់មានរឿងអតីតធ្លាប់មានប្តី មានប្រពន្ធដែរ តែអនាគតប្តីរបស់នាងនេះគឺមានលិខិតលែងលះ ក្រដាសស្នាមបញ្ជាក់ពីភាពពោះម៉ាយត្រឹមត្រូវដែរ ចំណែកប្រពន្ធដើមមានអេតាស៊ីវិលអត់? ហេតុអ្វីបានជាមកបំផ្លាញពិធីមង្គលរបស់នាងបែបនេះ? ហើយពិធីនេះគឺចំណាយអស់មិនតិចទេ។ ចំណែកកិត្តិយសនាងក៏ធំធេងដែរ ព្រោះនាងស្រលាញ់កិត្តិយសណាស់ ហេតុនេះនាងសម្រេចចិត្តដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តតាមផ្លូវច្បាប់។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាស់ខាងលើ នេះ “នគរធំ” នឹងរង់ចាំទទួលការបកស្រាយបំភ្លឺ បន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕