Monday, November 24, 2025
Homeព័ត៌មានជាតិកូនទាំង៤នាក់កំពុងជាប់ពន្ធនាគារជាង៤ឆ្នាំ ម្តាយទាមទាររកយុត្តិធម៌

កូនទាំង៤នាក់កំពុងជាប់ពន្ធនាគារជាង៤ឆ្នាំ ម្តាយទាមទាររកយុត្តិធម៌

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់បានអះអាងថា កូនប្រុសរបស់គាត់ចំនួន៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ចោទប្រកាន់ថាបានសម្លាប់មនុស្ស  និងកំពុងជាប់ក្នុងពន្ធនាគារទាំងអយុត្តិធម៌អស់រយៈពេល៤ឆ្នាំមកហើយ រហូតដល់ពួកគេទាំង៤នាក់សម្រេចចិត្តសរសេរលិខិតចេញមកក្រៅពន្ធនាគារ ដើម្បីឱ្យគាត់ជាម្តាយជួយស្វែងរកអន្តរាគមន៍ ព្រោះកូនៗទាំង៤នាក់មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចនោះទេ។

ទណ្ឌិតទាំង៤រូបដែលសម្រេចចិត្តផ្តិតមេដៃលើលិខិតសុំអន្តរាគមន៍ខាងលើ រួមមាន ទី១-ឈ្មោះផាត់ ភារុណ ទី២-ឈ្មោះផាត់ វុដ្ឋា ទី៣-ឈ្មោះផាត់ រតនា និងទី៤-ឈ្មោះផាត់ រតនៈ។ អ្នកទាំង៤ មានស្រុកកំណើតនៅភូមិស្តៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង។

ទណ្ឌិតទាំង៤រូបបានរៀបរាប់ថា ពួកខ្លួនទាំង៤នាក់បងប្អូនជាប់នៅពន្ធនាគារខេត្តកំពង់ស្ពឺ អស់រយៈពេលជាង៤ឆ្នាំហើយ ដោយអយុត្តិធម៌បំផុត ព្រោះពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចនោះឡើយ។

ដំបូងឡើយកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ ពួកខ្លួនទាំង៤នាក់មកពីធ្វើការនៅឯភ្នំពេញ ដើម្បីចូលរួមបុណ្យសពឪពុកនៅភូមិឃុំខាងលើ រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ ទើបត្រឡប់មកថ្នល់ទទឹង ហើយទៅស្រោចទឹកនៅវត្តអង្គខ្មៅ ពេលនោះប្អូនរបស់គេម្នាក់ក្នុងចំណោមពួកគេក៏បានឈឺហើយបានស្នាក់នៅវត្តរហូតដល់ថ្ងៃទី០៩ និងទី១០ ទើបចែកផ្លូវគ្នាទៅធ្វើការរៀងៗខ្លួន ។

ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ក៏មានប៉ូលិសពីស្នងការខេត្តកំពង់ស្ពឺ បានកោះហៅពួកខ្លួន២នាក់ដែលកំពុងធ្វើការនៅរោងចក្រថ្នល់ទទឹង ទៅបំភ្លឺ ក្រោយមកទើបកោះហៅ២នាក់ទៀតឱ្យចូលបំភ្លឺតាមក្រោយ រួចក៏ចោទថា ពួកខ្លួនសម្លាប់មនុស្សនិងបានកសាងសំណុំរឿងយកពួកខ្លួនទៅដាក់នៅពន្ធនាគារ រំលងបានប៉ុន្មានថ្ងៃម្តាយពួកគេក៏បានយកលិខិតដែលមានស្នាមមេដៃប្រជាជនគាំទ្រ២០០គ្រួសារមកអះអាងថា ពួកខ្លួនមិនបានប្រព្រឹត្ត ក៏គេមិនជឿដែរ។

រឿងនេះ ម្តាយរបស់ពួកគេបានឮនគរបាលមួយរូប និយាយថា សមត្ថកិច្ចចាប់មនុស្សខុសតែគេមិនលែងពួកខ្លួនឡើយ។ ចាប់តាំងពីពេលនោះមក ពួកខ្លួននៅក្នុងគុក បើគិតមកដល់ពេលនេះជាង៤ឆ្នាំទៅហើយ។

លិខិតដដែលបន្តថា ពាក់ព័ន្ធនឹងករណីពួកខ្លួននេះដែរ ទោះបីជាមានសាក្សីទៅបំភ្លឺអះអាងប្រាប់តុលាការថា ពួកគេមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មក្តី ក៏តុលាការមិនអនុគ្រោះ ឬផ្តល់យុត្តិធម៌ដល់ពួកគេឡើយ ពេលនេះពួកខ្លួនរងភាពអយុត្តិធម៌ខ្លាំងណាស់ ព្រោះខ្លួនជាមនុស្សបរិសុទ្ធ ពួកខ្លួនទាំង៤នាក់ពិតជាមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចនោះឡើយ។

បើតាមមន្ត្រីនគរបាលមួយរូបបានបង្ហើបប្រាប់ថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥នោះ នៅភូមិឃុំរបស់ជនសង្ស័យរស់នៅ មានករណីឃាតកម្មកើតឡើងមួយ តែមិនមានតម្រុយអ្វីនោះទេ ក្រៅពីសមត្ថកិច្ចរកឃើញអាវប៉ារ៉ាមួយប៉ុណ្ណោះ។

ដោយឡែកស្រីឈ្មោះលឹម រឿន ដែលត្រូវជាម្តាយរបស់ទណ្ឌិតទាំង៤រូបខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់រស់នៅភូមិឃុំខាងលើ មុនពេលកូនរបស់គាត់ទាំង៤នាក់ត្រូវសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួន គឺប្តីរបស់គាត់បានឈឺធ្ងន់រហូតបាត់បង់ជីវិត ទើបគាត់បានហៅកូនទាំង៤នាក់មកធ្វើបុណ្យឱ្យឪពុក បន្ទាប់ពីធ្វើបុណ្យឱ្យប្តីរបស់គាត់រួចហើយ កូនៗរបស់គាត់ក៏បាននាំគ្នាមកស្នាក់នៅវត្តអង្គខ្មៅ ជិតថ្នល់ទទឹង ដើម្បីឱ្យលោកស្រោចទឹក។ ហើយពេលនោះដោយសារតែកូនឈឺ ទើបគាត់ឱ្យស្នាក់នៅវត្តសិន ដើម្បីធ្វើបុណ្យ៧ថ្ងៃឱ្យប្តីតែម្តង។

ស្ត្រីជាម្តាយរូបនេះ បានបន្តថា ក្រោយមកកូនប្រុសរបស់គាត់បានបែកផ្លូវគ្នាទៅធ្វើការអស់ ស្រាប់តែមិនបានប៉ុន្មានថ្ងៃ  កូនគាត់២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅកសាងសំណុំរឿងដោយចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឃាតកម្មសម្លាប់មនុស្ស ក្រោយមកក៏បានហៅកូន២នាក់មកទៀតមកសួរ រួចក៏ចាប់ខ្លួនទាំង៤នាក់តែម្តង។

បន្ទាប់ពីកូនប្រុស៤នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន គាត់បានស្នើសុំអាជ្ញាធរភូមិឃុំធ្វើលិខិតអះអាងយកទៅដាក់ជូនសមត្ថកិច្ច ក៏សមត្ថកិច្ចមិនអើពើដោះលែងកូនរបស់គាត់ត្រឡប់មកវិញដែរ។ ក្រោយពីកូនរបស់គាត់ត្រូវគេចាប់ដាក់ឃុំក្នុងពន្ធនាគារ គាត់បានស្វះស្វែងរកអន្តរាគមន៍ដែរ ប៉ុន្តែគ្មានអ្នកណាអើពើជួយគាត់ឡើយ បើមានគឺមានតែអ្នកមកជម្រិតទារលុយពីគាត់តែប៉ុណ្ណោះ តែលទ្ធផលគឺសូន្យ។

ស្ត្រីជាម្តាយខាងលើ បញ្ជាក់ថា សព្វថ្ងៃនេះគាត់គ្មានផ្ទះសម្បែងរស់នៅនោះទេ ដោយសារតែផ្ទះនិងដីគាត់បានលក់យកលុយទៅរត់ការឱ្យកូនអស់ទៅហើយ។ កូនរបស់គាត់ត្រូវចាប់ដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ ទើបគេយកទៅកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ខណៈដែលកូនរបស់គាត់មិនបានសាងកំហុស ឬប្រព្រឹត្តដូចការចោទប្រកាន់របស់សមត្ថកិច្ចឡើយ។

ហេតុនេះ គាត់សំណូមពរដល់ថ្នាក់ដឹកនាំ ធ្វើយ៉ាងណាសូមជួយផ្តល់ភាពយុត្តិធម៌ដល់កូនប្រុសទាំង៤របស់គាត់ផង ព្រោះថាកូនប្រុសរបស់គាត់ទាំង៤នាក់ មិនបានប្រព្រឹត្តអ្វីដូចការដូចដែលសមត្ថកិច្ច ចោទប្រកាន់នោះទេ។ ហើយពេលនេះរឿងក្តីនេះ គាត់បានប្តឹងបន្តរហូតដល់សាលាឧទ្ធរណ៍ទៅហើយ តែគាត់គ្មានសង្ឃឹមថាកូនគាត់អាចរួចផុតពីទោសដ៏អយុត្តិធម៌នេះទេ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាមន្ត្រីសាលាដំបូងខេត្តកំពង់ស្ពឺ បាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES