Monday, November 24, 2025
Homeព័ត៌មានជាតិទាំងលើកទី១ និងទី២ ឃើញសកម្មភាពក្នុងកាមេរ៉ាច្បាស់ក្រឡែត

ទាំងលើកទី១ និងទី២ ឃើញសកម្មភាពក្នុងកាមេរ៉ាច្បាស់ក្រឡែត

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រះប្រសប់ ចាប់ខ្លួនតាមបណ្តឹងជនរងគ្រោះ កាលពីថ្ងៃទី២៩ ខែមករា បន្ទាប់ពីជនសង្ស័យដែលជាកម្មករបើកគ្រឿងចក្រកាយដី បានធ្វើសកម្មភាពលួចបូមប្រេងលក់ម្តងជាពីរដងមកហើយ ហើយត្រូវថៅកែឆែកកាមេរ៉ាឃើញក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះតុង វិបុល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរថៅកែឡឥដ្ឋ រស់នៅភូមិ-ឃុំខាងលើ។ ចំណែកជនសង្ស័យឈ្មោះអោក វណ្ណេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មឡឥដ្ឋ ស្នាក់នៅក្នុងសិប្បកម្មឡឥដ្ឋខាងលើ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា អស់រយៈពេល២ឆ្នាំមកហើយ ដែលជនសង្ស័យបានមកធ្វើជាកម្មករឡឥដ្ឋឱ្យជនរងគ្រោះ ដោយធ្វើជាអ្នកបើកគ្រឿងចក្រកាប់ដីរហូតដល់សព្វថ្ងៃនេះ ហើយកាលពីខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យធ្លាប់លួចបូមប្រេងម៉ាស៊ូតចេញពីអាអិច ចំនួន០១កានម្តងមកហើយ ប៉ុន្តែជនរងគ្រោះអនុគ្រោះឱ្យម្តង។

លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចបូមប្រេងចេញពីអាអិច ចំនួន០១កាន (៣០លីត្រ) ហើយដឹកយកទៅលក់ឱ្យមនុស្សមិនស្គាល់ឈ្មោះ នៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានតម្លៃ៨០.០០០រៀល។

ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីព្រឹក ជនរងគ្រោះឆែកកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យធ្វើសកម្មភាពលួចបូមប្រេង ក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់ ឱ្យឃាត់ខ្លួន ចាត់ការតាមនីតិវិធី។

ក្រោយពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

RELATED ARTICLES