Monday, November 24, 2025
Homeព័ត៌មានជាតិលក់ដូរក្បែរគ្នា ឃើញមុខរាល់ថ្ងៃសោះ ស្រាប់តែធ្វើរឿងបែបនេះទៅវិញ

លក់ដូរក្បែរគ្នា ឃើញមុខរាល់ថ្ងៃសោះ ស្រាប់តែធ្វើរឿងបែបនេះទៅវិញ

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានឃាត់ជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា (បង្ករបួសស្នាម) កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខសាលាព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស ក្រុម១ ភូមិ០១ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។

ជនសង្ស័យឈ្មោះមឿង សុធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវ៣២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ចំណែកជនរងគ្រោះ មានឈ្មោះសៀម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ 47S ផ្លូវលំ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (រងរបួសបែកចិញ្ចើមខាងស្តាំដេរចំនួន៣ថ្នេរ)។ សម្ភារចាប់យក ម៉ូតូកង់បីពណ៌ស ពាក់ស្លាកលេខ (ត) ភ្នំពេញ 1HU-5653។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនរងគ្រោះនិងជនសង្ស័យ សុទ្ធតែជាអ្នកប្រកបរបរលក់ដូរដូចគ្នានិងនៅក្បែរគ្នា លុះទំនងជាលក់ដូរកាច់កុងគ្នា ទើបធ្វើឱ្យកើតជាជម្លោះរហូតឈានដល់អំពើហិង្សា ដោយភាគីជនសង្ស័យបានស្ទុះទៅដាល់ជនរងគ្រោះបណ្តាលឱ្យរងរបួសបែកចិញ្ចើមខាងស្តាំហូរឈាមជោកខ្លួន។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យនិងវត្តុតាង (ម៉ូតូកង់បី) បានឃាត់ខ្លួនបណ្តោះអាសន្ន និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES