ភ្នំពេញ ៖ ករណីបោះបង្គោលរំលោភសមុទ្ររហូតមានប្លង់រឹង នៅសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នោះ រាជរដ្ឋាភិបាលបានបញ្ជាឱ្យលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគនៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ត្រួតពិនិត្យនិងចាត់វិធានការតាមច្បាប់។
លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ទាក់ទងនឹងព័ត៌មាននេះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ថា “រាជរដ្ឋាភិបាលចេញ ស.ជ.ណ ដាក់វិធានការករណីបោះបង្គោលរំលោភសមុទ្ររហូតមានប្លង់រឹង នៅសង្កាត់ត្រើយកោះ ក្រុងកំពត តបតាមរបាយការណ៍របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ ពីគណបក្សខ្មែរក្រោក។

យើងខ្ញុំនឹងបន្តតាមដានមើលវិធានការបន្ទាប់ទៀតរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា លើករណីនេះ បន្ទាប់ពីគណៈកម្មាធិការនេះបានទទួលជាសមត្ថកិច្ចពីរដ្ឋាភិបាល ក្នុងការពិនិត្យលើបញ្ហានេះ”។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ១៦០សជណ ចុះថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ ជួសរដ្ឋមន្ត្រីទទូលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូនលោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រប់និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា ៖

កម្មវត្ថុ ៖ ករណីរបាយការណ៍សង្ខេបអំពីលទ្ធផលនៃការចុះសិក្សានិងប្រមូលព័ត៌មានរបស់ប្រតិភូគណបក្សខ្មែរក្រោក រកឃើញពីការចាក់ដីលុបសមុទ្រ និងបោះបង្គោលជាឡូតិ៍ក្នុងសមុទ្រ ស្ថិតក្នុងភូមិតាព្រាម សង្កាត់ត្រើយកោះ ក្រុង-ខេត្តកំពត។
យោង ៖ -លិខិតលេខ៦១៣,១៩ ចុះថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០១៩ របស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់
-ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់ម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រាបថា ករណីដែលបានលើ់កឡើងដោយប្រតិភូគណបក្សខ្មែរក្រោក ពាក់ព័ន្ធនឹងបញ្ហាចាក់ដីលុបសមុទ្រ និងបោះបង្គោលជាឡូត៍ក្នុងសមុទ្រ ស្ថិតក្នុងភូមិតាព្រាម សង្កាត់ត្រើយកោះ ក្រុង-ខេត្តកំពត រាជរដ្ឋាភិបាលឯកភាពប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិនិត្យ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រាប និងចាត់ចែងអនុវត្ត…។
គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានរកឃើញថា សកម្មភាពចាក់ដីចូលសមុទ្រកំពុងកើតឡើងនៅដែនសមុទ្រក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្នុងក្រុងកំពត ជាតំបន់ដែលកំពុងមានភាពចម្រូងចម្រាស ខណៈដែលពេលនោះអាជ្ញាធរខេត្តកំពត កំពុងតែសិក្សាថា តើគួរដកហូតដីក្នុងសមុទ្រដែលមានប្លង់កម្មសិទ្ធិចេញដោយអាជ្ញាធរនេះ មកទុកជាសម្បត្តិរដ្ឋវិញឬយ៉ាងណា?

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបញ្ជាក់នៅពេលនោះថា ការចុះទៅពិនិត្យផ្ទាល់លើទីតាំងមានការបោះបង្គោលចូលសមុទ្ ស្ថិតក្នុងខេត្តកំពត គឺលោកបានសង្កេតឃើញថា ត្រឹមតែរយៈពេលជាង១ម៉ោង មានរថយន្តប្រហែល៥០គ្រឿងបានដឹកដីមកចាក់លុបលើទីតាំងនោះ ហើយតាមការសន្និដ្ឋានគឺគេបានចាក់ដីលុបបានចំនួនជាង២០ហិកតារហើយៗ លោកក៏សង្កេតឃើញទៀតថា មានស្លាកស្នាមការកាប់ដើមកោងកាងនៅទីតាំងដែលកំពុងមានការចាក់ដី និងបើតាមការចុចប្រព័ន្ធ GPS មើល បានបង្ហាញថាតំបន់មានការបោះបង្គោលដ៏ស្អេកស្កះនេះគឺជាឆកសមុទ្រ។
ប៉ុន្តែលោកជាវ តាយ អភិបាលខេត្តកំពត ធ្លាប់បំភ្លឺថា បង្គោលដែលបានបោះចូលសមុទ្រលើផ្ទៃ៤៥ហិកតារ គឺជាដីធ្លាប់កាន់កាប់ដោយប្រជាពលរដ្ឋ និងមានការចេញប្លង់កម្មសិទ្ធិទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ដោយរាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៨ តែក្រោយមកដីនោះត្រូវបានពលរដ្ឋនាំគ្នាលក់ទៅឱ្យឈ្មួញ៕
កុលបុត្រ