ភ្នំពេញ ៖ រ៉ឺម៉កមួយគ្រឿងដឹកទឹកដោះគោស្រស់ពេញ ត្រូវបានបុរសម្នាក់អះអាងថា ជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដេញតាមតាំងពីរង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រហូតទៅចាប់ឃាត់បាននៅផ្លូវជាតិលេខ៣ មុខប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
នេះជាការបង្ក្រាបបទល្មើសចាប់ឃាត់រ៉ឺម៉កដឹកផលិតផលទឹកដោះគោស្រស់ នាំចូលមករំលោភកម្មសិទ្ធិបញ្ញា ហើយបានហៅខាងក្រុមហ៊ុនមកឃាត់ទាំងរ៉ឺម៉កទាំងអ្នកបើកបរយកទៅសួរនាំតែម្តង។

តាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ឱ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ដេញតាមឃាត់រ៉ឺម៉កមួយគ្រឿងខាងលើ តាំងពីរង្វង់មូលចោមចៅ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រហូតដល់ផ្លូវជាតិលេខ៣ មុខប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌកំបូល ដែលដំបូងថាបង្កគ្រោះថ្នាក់ចរាចរណ៍ ទើបទាក់ទងប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ឱ្យទៅមើល ព្រោះថាកើតហេតុនៅរង្វង់មូលចោមចៅ ហើយភាគីទាំង២និយាយគ្នាមិនត្រូវ ទើបប៉ូលិសចោមចៅ៣ ចុះទៅសាកសួរផ្អើលទាំងប៉ូលិសប៉ុស្តិ៍កន្លែងកើតហេតុ បែរជាថាបង្ក្រាបបទល្មើស។

លុះពេលសួរដេញដោលច្រើនពេក ទើបឃើញមានកម្លាំងបន្ថែម ដែលមានឯកសណ្ឋានអាវស ដាក់ឡូហ្គូ ក្រុមហ៊ុន NOT ដែលគេស្គាល់ថា ជាក្រុមហ៊ុននាំចូលផ្តាច់មុខទឹកដោះគោស្រស់។

បើតាមបុគ្គលិកក្រុមហ៊ុន NOT បានឱ្យដឹងថា គាត់មកក្រោយដែរទេ ប៉ូលិសឃាត់បានហើយ ទើបគាត់មកដល់ ហើយអ្វីជាក់ស្តែងគឺដឹកដោះគោស្រស់ប្រមាណជាង៤០០ដប ដឹកតាមរ៉ឺម៉កខាងលើ ត្រូវបានឈ្មួញនាំចូលមកអត់ច្បាប់ រំលោភសិទ្ធិក្រុមហ៊ុនដែលនាំចូលផ្តាច់មុខ ហើយត្រូវបាននគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ម្នាក់ដែលជាអ្នកបង្ក្រាបនាំទាំងរ៉ឺម៉ក ទាំងអ្នកបើកបរទៅក្រសួងមហាផ្ទៃតែម្តង៕