Monday, November 24, 2025
Homeព័ត៌មានជាតិម៉ាសក៍ឡើងថ្លៃ លោកសង្ឃព្រមាន សូត្រមន្តឡើងថ្លៃដែរ

ម៉ាសក៍ឡើងថ្លៃ លោកសង្ឃព្រមាន សូត្រមន្តឡើងថ្លៃដែរ

ខេត្តបាត់ដំបង ៖ ស្របពេលដែលមានការផ្ទុះករណីជំងឺរលាកសួតថ្មី ដែលឆ្លងដោយវីរុសកូរ៉ូណាថ្មី ធ្វើឱ្យអាជីវករមួយចំនួនឆ្លៀតឱកាសលក់ម៉ាសក៍ឡើងថ្លៃនោះ ព្រះសង្ឃមួយអង្គបានព្រមានថា បើពុទ្ធបរិស័ទនាំគ្នាលក់ម៉ាសក៍ឡើងថ្លៃ នៅពេលស្លាប់និមន្តព្រះអង្គសូត្រមន្ត ព្រះអង្គនឹងឡើងថ្លៃដែរហើយ។

ព្រះសង្ឃដែលព្រមានសូត្រមន្តឡើងថ្លៃបច្ច័យនោះ មិនស្គាល់ព្រះនាមទេ គ្រាន់តែដឹងថា ជាចៅអធិការវត្តអង្កាំផ្អែម ភ្នំព្រឹក ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ព្រះគ្រូចៅអធិការវត្តអង្កាំផ្អែម ភ្នំព្រឹក បានសរសេរក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ថា “មេរោគកូរ៉ូណា ចូលមកដល់ នាំគ្នាលក់ម៉ាសក៍ ១ប្រអប់ ៣០$ ចាំមើលពេលស្លាប់ និមន្តអាត្មាសូត្រមន្តឡើងថ្លៃដែរ”។

គួរបញ្ជាក់ថា ស្របពេលដែលមានការផ្អើលភ័យខ្លាចការឆ្លងជំងឺរលាកសួតថ្មីដែលឆ្លងដោយវីរុសកូរ៉ូណាថ្មី ដែលមានប្រភពពីទីក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិន ដោយមានជនជាតិចិនម្នាក់ផ្ទុកវីរុសនេះបានធ្វើដំណើរមកដល់ក្រុងព្រះសីហនុនោះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរនាំគ្នាពាក់ម៉ាសក៍។

ទោះបីជាមានការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល ថា ការពាក់ម៉ាសក៍មិនមានការចាំបាច់នៅកន្លែងដែលមិនចាំបាច់ក៏ដោយ ដែលជាឱកាសឱ្យអាជីវករមួយចំនួន ឆ្លៀតឱកាសលក់ម៉ាសក៍ឡើងថ្លៃហួសហេតុរហូតមានការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក ថាជាជនឆ្លៀតឱកាសកេងចំណេញ មិនចេះជួយគ្នាក្នុងគ្រាក្រ។

សូម្បីតែព្រះគ្រូចៅអធិការវត្តអង្កាំផ្អែម ភ្នំព្រឹក ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក៏បញ្ចេញប្រតិកម្មចំពោះការលក់ម៉ាសក៍ដំឡើងថ្លៃនេះផងដែរ ដោយព្រះអង្គបានព្រមានលេងបន្លំមែនថា អ្នកលក់ម៉ាសក៍ឡើងថ្លៃ នៅពេលស្លាប់ និមន្តព្រះអង្គសូត្រមន្តព្រះអង្គនឹងឡើងថ្លៃសូត្រមន្តដែរហើយ។

លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា

ជាមួយនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ក៏បានអំពាវនាវដល់បងប្អូនអាជីវករអ្នកលក់ម៉ាសក៍ត្រូវជួយគ្នាក្នុងគ្រាក្រ កុំឆ្លៀតកេងចំណេញលក់ដំឡើងថ្លៃ។

ដោយឡែក លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើង ថាអ្នករកស៊ីលក់ម៉ាសក៍មួយចំនួនមិនត្រឹមតែអាត្មានិយមទេ គឺថែមទាំងឱកាសនិយម និងគ្មានមនុស្សធម៌ គ្មានគុណធម៌ទៀតផង ខណៈដែលតម្រូវការប្រើប្រាស់ម៉ាសក៍ការពារពីការចម្លងមេរោគមានការកើនឡើង ពួកគាត់បែរជាលក់ដំឡើងថ្លៃស្ទើរកប់ពពក។

លោកព្រាប កុល បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ថា “ងាកមកមើលអ្នករកស៊ីលក់ម៉ាសក៍មួយចំនួន មិនត្រឹមតែអាត្មានិយមទេ គឺថែមទាំងឱកាសនិយម និងគ្មានមនុស្សធម៌, គុណធម៌ទៀតផង។

ខណៈដែលតម្រូវការប្រើប្រាស់ម៉ាសក៍ការពារពីការចម្លងមេរោគ មានការកើនឡើង ពួកគាត់បែរជាលក់ដំឡើងថ្លៃស្ទើរកប់ពពក។ តើសន្តានចិត្តមនុស្សធម៌ និងគុណធម៌របស់អ្នក ជ្រុះបាត់ទៅណា? ឬមួយព្រោះតែលុយ អ្នកសុខចិត្តឃើញបងប្អូនរួម ឈាមរបស់អ្នក ត្រូវប្រឈមហានិភ័យ និងសុវត្ថិភាព?

ប្រសិនបើពលរដ្ឋខ្មែរច្រើននាក់ឆ្លងជំងឺនេះ តើរូបអ្នក និងបងប្អូនកូនចៅរបស់អ្នកអាចរស់នៅសោយសុខជាមួយប្រាក់ចំណេញពីការលក់ម៉ាសក៍ថ្លៃកប់ពពកហ្នឹងទេ? ទង្វើបែបនេះមិនត្រឹមតែអាត្មានិយមប៉ុណ្ណោះទេ គឺថែមទាំងល្ងង់ទៀតផង។ ខ្ញុំសូមដៀលទង្វើបែបនេះ ដោយក្តីអាណិតអាសូរទៅចុះ!។ ឱ! បងប្អូនរួមជាតិខ្ញុំអើយ…អ្នកពិតជាលំបាកហើយ”។

ជុំវិញបញ្ហាម៉ាសក៍ឡើងថ្លៃនេះដែរ ក្រុមប្រឹក្សាគណៈឱសថកម្ពុជា ក៏បានអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រទាំងអស់ សូមកុំដំឡើងថ្លៃម៉ាសក៍ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងវីរុសកូរ៉ូណាថ្មី៕

RELATED ARTICLES