យោងតាមព័ត៌មានផ្លូវការក្រុមហ៊ុនហង្សម្ចាស់ដី ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងលក់ចម្ការធំៗនៅកម្ពុជា បានប្រកាសថា ខ្លួននឹងប្រើផ្លូវច្បាប់ប្ដឹងអតីតអ្នករៀបដីយកមកលក់ឲ្យក្រុមហ៊ុននៅខេត្តពោធិ៍សាត់ ឈ្មោះជា គាលី បន្ទាប់ពីអតីតបុគ្គលិករូបនេះបានយកលុយក្រុមហ៊ុនទៅឈរឈ្មោះទិញដីឲ្យក្រុមហ៊ុនជាច្រើនហិកតារ ប៉ុន្តែបែរជាដាក់ឈ្មោះខ្លួនឯង ហើយបានប្រើឈ្មោះក្នុងនាមជាម្ចាស់ប្លង់បិទមិនឲ្យក្រុមហ៊ុនចេញចូលដើម្បីចង់យកដីនោះលក់។ មានការទម្លាយឯកសារជាច្រើនបង្ហាញពីករណីមិនប្រក្រតីដែលកើតពីបន្លំដីរបស់ក្រុមហ៊ុនពីសំណាក់ឈ្មោះជា គាលី នេះ។

លោកហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី បានទទួលស្គាល់ថា អតីតអ្នករៀបដីឲ្យលោក ឈ្មោះជា គាលី ពិតជាបានបន្លំក្រុមហ៊ុន ខណៈដែលក្រុមហ៊ុនផ្ដល់ទំនុកចិត្តក្នុងគម្រោងឲ្យឈរទិញដីជាច្រើនរយហិកតារកាលពីឆ្នាំ២០១៨ នៅខេត្តពោធិ៍សាត់ប្រាកដមែន។

លោកបន្តថា ឈ្មោះជា គាលី ឈរទិញដីជាច្រើនប្លង់ឲ្យក្រុមហ៊ុនជាច្រើនប្លង់ សុទ្ធតែដាក់ឈ្មោះក្រុមហ៊ុន លើកលែងតែដីប្លង់ខាងមុខជាប់ផ្លូវទំហំ18000ម៉ែត្រការ៉េ ស្ថិតនៅភូមិក្បាលទាហាន ឃុំឈើគុំ ស្រុកក្រគ ខេត្តពោធិ៍សាត់ ដែលឈ្មោះជា គាលី បែរដាក់ឈ្មោះខ្លួនឯង ក្នុងពេលក្រុមហ៊ុនធ្វេសប្រហែសក្នុងការត្រួតពិនិត្យឯកសារ ព្រោះប្លង់ដីដែលទិញពីពលរដ្ឋមានចំនួនច្រើនប្លង់ពេក។

លោកបន្តទៀតថា មុនពេលបែករឿង ក្រុមហ៊ុនទុកចិត្តឲ្យឈ្មោះជា គាលី នេះ រក្សាទុកប្លង់ និង គ្រប់គ្រងដីនេះទាំងអស់ ប៉ុន្តែកាលពីពេលថ្មីៗនេះ ឈ្មោះនេះបានបណ្ដេញក្រុមការងាររបស់ក្រុមហ៊ុនហង្សម្ចាស់ដី ឲ្យដកស្នាក់ការចេញពីដីដែលខ្លួនលួចដាក់ឈ្មោះខ្លួនឯង ហើយសំអាងថា ខ្លួនជាឈ្មោះម្ចាស់ប្លង់ក៏ប្រកាសជំហរព័ទ្ធយកដីនោះ។

លោកព្រីនយ៉ា បន្ថែមថា ក្រុមហ៊ុនទុកឱសានវាទឲ្យឈ្មោះជា គាលី នេះ បើមិនព្រមផ្ទេរឈ្មោះរបស់ខ្លួនមកប្រគល់អោយក្រុមហ៊ុនដូចប្លង់ផ្សេងៗទេនោះ ក្រុមហ៊ុននឹងប្ដឹងបុគ្គលនេះពីបទបន្លំទ្រព្យក្រុមហ៊ុន និងរំលោភលើសេចក្ដីទុកចិត្តរបស់ក្រុមហ៊ុន ដោយក្រុមហ៊ុនមានឯកសារទាំងអស់បញ្ជាក់ពីការឆ្លងឆ្លើយ និងការវេរលុយឲ្យឈ្មោះជា គាលី ក្នុងការទិញដីទាំងអស់នោះ បូករួមទាំងដីដែលឈ្មោះជា គាលី ដាក់ជាកម្មសិទ្ធិរបស់ខ្លួនផង។

លោកបន្ថែមទៀតថា ក្រុមហ៊ុនបានស្នើឲ្យឈ្មោះនេះផ្ទេរដីមកអោយក្រុមហ៊ុនវិញ ប៉ុន្តែឈ្មោះនេះមិនអើពើ និងថែមទាំងបានប្រកាសឲ្យក្រុមហ៊ុនឈប់ចេញចូលឆ្លងកាត់លើដីដែលមានឈ្មោះរបស់ខ្លួន ដែលនេះគឺជាករណីដែលក្រុមហ៊ុនទទួលយកមិនបាន។

លោកបញ្ជក់ថាឈ្មោះជា គាលី ប្រើវិធីលួចដីក្រុមហ៊ុនចំប្លង់នៅជាប់ផ្លូវដែលជាច្រកចូល ខណៈដែលក្រុមហ៊ុនក្នុងពេលប្រគល់ភារៈឲ្យលោក គឺទុកចិត្តដល់ថ្នាក់ទិញដីដាក់ឈ្មោះអ្នកណាៗធ្វើជាម្ចាស់ ក៏ក្រុមហ៊ុនមិនបានត្រួតពិនិត្យច្បាស់លាស់ ព្រោះសំអាងថា ជាបុគ្គលិកដែលក្រុមហ៊ុនទុកចិត្ត។

យ៉ាងណា លោកហង្ស ព្រីន្សយ៉ា ព្រមានថា លោកជា គាលី នឹងប្រឈមផ្លូវច្បាប់ បើនៅតែព្រហើនមិនប្រគល់ដីជូនក្រុមហ៊ុនវិញតាមការទាមទារ៕