ភ្នំពេញ ៖ ចោរមួយក្រុមមានគ្នាប្រមាណជិត១០នាក់ បានធ្វើសកម្មភាពដកកាំភ្លើងគំរាមភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពី ពីនារីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល។
ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅចំណុចសួនច្បារហង្ស ផ្លូវលេខ២៤០ មុខវត្តបទុម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវគេប្លន់យកម៉ូតូនោះ ឈ្មោះរ៉េត កញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅម្តុំជិតគល់ស្ពានស្ទឹងមានជ័យ ក្នុងភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុនាងនិងមិត្តភក្តិបានមកអង្គុយជជែកគ្នាលេងនៅចំណុចកើតហេតុ លុះដល់វេលាខាងលើស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាច្រើននាក់ជិះម៉ូតូចំនួន៤គ្រឿង ចូលមកដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូរបស់នាងមួយគ្រឿង ម៉ាកហុងដាស្កូបពី ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FV-6492។

នារីរងគ្រោះបន្ថែមថា ឃើញបែបនេះ មិត្តភក្តិប្រុសៗបម្រុងចូលជួយ តែជនសង្ស័យបានគំរាមថាបើ ចូលជួយពួកវានឹងបាញ់ ទើបធ្វើឱ្យក្រុមជនសង្ស័យយកម៉ូតូជិះគេចខ្លួនបាត់។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីឱ្យសមត្ថកិច្ចអន្តរាគមន៍ស្រាវជ្រាវវែកមុខក្រុមជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕