Monday, November 24, 2025
Homeព័ត៌មានជាតិទៅផ្សារទិញម្ហូបជាមួយម្តាយ បានត្រឹមគ្រាប់ឃ្លីមកផ្ទះវិញ ទាំងទឹកភ្នែក

ទៅផ្សារទិញម្ហូបជាមួយម្តាយ បានត្រឹមគ្រាប់ឃ្លីមកផ្ទះវិញ ទាំងទឹកភ្នែក

ភ្នំពេញ ៖ ស្ត្រីរងគ្រោះម្នាក់ត្រូវមនុស្សប្រុសស្រី៤នាក់ ប្រើល្បិចទម្លាក់យោង (យកមាសមកដោះដូរគ្រាប់ឃ្លីដែក) ហើយយកជនរងគ្រោះមកទម្លាក់ចោលនៅតាមផ្លូវ បង្កការភ្ញាក់ផ្អើលកើតឡើងកាលវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះដែលចាញ់ល្បិចក្រុមទម្លាក់យោងអស់ពីខ្លួន តែបានមកវិញត្រឹមតែគ្រាប់ឃ្លី១ថង់នេះ មានឈ្មោះរស់ ស្រីនិត អាយុ៣១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

តាមសម្តីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គាត់ជាមួយម្តាយបានទៅផ្សារទិញម្ហូប លុះមកដល់មុខផ្សារគាត់ក៏បានដោះខ្សែកមាសទំងន់៣ជី ទុកក្នុងកាបូប ការពារខ្លាចក្រែងមានចោរលួចឆក់ កាត់យកខ្សែកនៅក្នុងផ្សារ។

បន្ទាប់មកពួកគាត់ក៏បានដើរចូលផ្សារ ស្រាប់តែភ្លាមនោះក៏លេចមុខស្ត្រី២នាក់បានដើរមកជិតគាត់ រួចខ្សឹបប្រាប់ថា គាត់រើសបានមាសច្រើនណាស់។ ពេលនោះគាត់បានប្រាប់ថា រើសបានយកទៅឱ្យគេវិញទៅតែស្ត្រីទាំង២នាក់នោះមិនព្រម និងទាមទារឱ្យចែកគ្នា។

ស្ត្រីរងគ្រោះបន្តថា លុះបន្តិចក្រោយមកទៀតក៏លេចមុខបុរស២នាក់ មកសួរថា មានរើសបានមាសអត់ ពេលនោះគាត់បម្រុងប្រាប់ទៅហើយ ស្រាប់តែស្ត្រី២នាក់និងបុរស២នាក់នោះ បានបង្ខំឱ្យគាត់ឡើងលើម៉ូតូដោយមានទាំងកូនកាំបិតគំរាមគាត់ទៀតផង ទើបគាត់មិនហ៊ានស្រែក សុខចិត្តតាមមកជាមួយជនសង្ស័យ លុះពេលមកដល់ផ្លូវ៦០ម៉ែត្រ ក្រុមជនសង្ស័យក៏គំរាមថា បើមិនឱ្យខ្សែកដែលខ្លួនលាក់ក្នុងកាបូបទេនោះ គេនឹងសម្លាប់ចោល។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា ដោយសារតែខ្លាចក្រុមជនសង្ស័យសម្លាប់ចោល ទើបគាត់បានយកខ្សែកមាសទម្ងន់៣ជីមាសនោះ ឱ្យទៅជនសង្ស័យ។ រួចហើយបក្សពួកជនសង្ស័យ បាននាំគ្នារត់គេចបាត់អស់ ដោយបន្សល់ទុកថង់ពណ៌ខ្មៅយួរ មានកញ្ចប់ពណ៌ក្រហម ដាក់សុទ្ធតែគ្រាប់ឃ្លីដែកទុកឱ្យគាត់ប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចនិងកម្លាំងប្រជាការពារ បានចុះមកអន្តរាគមន៍ដែរ តែមិនទាន់បានត្រឹមនាំស្ត្រីរងគ្រោះទៅស្នាក់ការប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹងប៉ុណ្ណោះ៕

RELATED ARTICLES