ខេត្តកណ្តាល ៖ បុរសម្នាក់បានលបចូលទៅលួចត្រីឪពុកក្មេករបស់ខ្លួនដែលបានចិញ្ចឹមទុកក្នុងត្រើង លុះឪពុកក្មេកតាមទាន់ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនកូនប្រសាជើងល្អ នាំយកទៅសាកសួរកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង។

ជនរងគ្រោះជាម្ចាស់ត្រីមានឈ្មោះមិន កាន ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាឪពុកក្មេករបស់ជនសង្ស័យ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះហួត ឌី ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាកូនប្រសា មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ វត្ថុតាងចាប់យកមានលបប្រឺស១០០ប្រវែង១៥ម៉ែត្រ និងត្រីឆ្តោទំងន់១៥គីឡូ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យជាកូនប្រសាបានលបចូលទៅលួចត្រីឆ្តោក្នុងត្រើងរបស់ឪពុកក្មេក ប៉ុន្តែពេលនោះដោយសារតែត្រីផ្អើលខ្លាំងពេក ទើបធ្វើឱ្យជនរងគ្រោះជាឪពុកក្មេកមានការសង្ស័យក៏ក្រោកចេញទៅមើល ស្រាប់តែប្រទះឃើញជនសង្ស័យជាកូនប្រសាកំពុងដួសត្រីក្នុងត្រើង ក៏បិទឃ្លុបខ្ទប់កុំឱ្យជនសង្ស័យចេញ រួចបានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលប្រាសាទ ចុះជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីបានទទួលព័ត៌មានខាងលើ កម្លាំងនគរបាលប៉ុស្តិ៍ប្រាសាទ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យនិងសាកសួរ បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ចាត់ការបន្តតាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ខ្លួនធ្លាប់លួចត្រីរបស់ឪពុកក្មេកចំនួន ៤លើករួចមកហើយ៕
