ខេត្តកោះកុង ៖ មានករណីយន្តហោះដ្រូន១គ្រឿង បានធ្លាក់ចំកណ្តាលព្រៃ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ។ចំពោះករណីនេះ លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងពិនិត្យមើលជាក់ស្តែងថា តើវាជាកម្មសិទ្ធិរបស់អ្នកណា?

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់បន្ថែមថា នៅតំបន់នោះមានក្រុមហ៊ុនមួយឈ្មោះញូញៀន ក៏ប៉ុន្តែយ៉ាងណានោះ គឺរង់ចាំសមត្ថកិច្ចជំនាញដែលមកពីក្រសួងមហាផ្ទៃ សហការជាមួយខាងខេត្ត និងភាគីពាក់ព័ន្ធចុះពិនិត្យមើលស្រាវជ្រាវថា យន្តហោះដ្រូនដែលធ្លាក់នេះជាកម្មសិទ្ធិរបស់អ្នកណា។

គួរបញ្ជាក់ថា យន្តហោះដ្រូនដែលធ្លាក់នៅកណ្តាលព្រៃខាងលើនេះ មានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ ក្នុងពេលដែលធ្លាក់នោះមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។

ដោយឡែក កាលពីព្រឹកថ្ងៃទី១៨ ខែមករា កម្លាំង CMAC បានចុះទៅពិត្យមើលដ្រូននោះរួចរាល់ហើយ ឃើញថាគ្មានជាតិផ្ទុះនោះទេ ហើយពេលនេះក្រុមការងារនៃអគ្គបញ្ជាការក្រសួងការពារជាតិ កំពុងកាត់ដ្រូននេះជាបំណែកៗ ដឹកយកទៅទីបញ្ជាការកងទ័ពនៅឯភ្នំពេញ ដើម្បីពិនិត្យនិងវិភាគបន្តទៀត៕


